អ្នកចាត់ការទូទៅ លោក Erik ten Hag បានលើកឡើងថា លោកបើកចិត្តក្នុងការវិលត្រឡប់ទៅដឹកនាំ Ajax វិញ ប្រសិនបើលោកត្រូវបាន Manchester United ចេញពីតំណែងក្រោយចប់រដូវកាលនេះ។
ជាការពិតណាស់ លោក Ten Hag បានចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford នៅក្នុងរដូវកាល ២០២២/២០២៣ ហើយ នៅក្នុងរដូវកាលទីមួយរបស់លោកបានជួយក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅ Premier League និង ឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែ នៅក្នុងរដូវកាលនេះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយ កំពុងឈរនៅលេខរៀងទី៦ មិនមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយឡើយ ប៉ុន្តែ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City។
គួរបញ្ជាក់ផងដែរថា លោក Ten Hag ជា គ្រូបង្វឹកដ៏ជោគជ័យខ្លាំងមួយក្នុងប្រវត្តិសាស្រ្តរបស់ Ajax ដែលលោកធ្លាប់បានដឹកនាំពីចន្លោះឆ្នាំ ២០១៧-២០២២ និង ជួយក្រុមឈ្នះពានរង្វាន់ជាច្រើនដូចជា លីគកំពូលហូល្លង់ ៣សម័យ KNVB Cup ២សម័យ និង ការឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅក្នុងឆ្នាំ២០១៩៕