ខ្សែបម្រើ Enzo Fernandez បានលើកឡើងថា គេមិនទាន់បានបង្ហាញសមត្ថភាពបានពេញលេញសម្រាប់ Chelsea នៅឡើយទេ ប៉ុន្ដែកីឡាករវ័យក្មេងរូបនេះ ប្ដេជ្ញានឹងព្យាយាមធ្វើឱ្យបានដូចអ្វីដែលគេបានបង្ហាញកាលនៅ World Cup។
ខ្សែបម្រើវ័យ២៣ឆ្នាំ បានសាងភាពលេចធ្លោ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលធ្វើនៅប្រទេសកាតារ ដោយរួមចំណែកជួយក្រុមជម្រើសជាតិអាហ្សង់ទីន គ្រងជើងឯក ហើយគេក៏បានជាប់ជាកីឡាករក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍នោះផងដែរ។
ប៉ុន្ដែ Fernandez ពុំទាន់បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់នៅឡើយទេ តាំងពីគេផ្លាស់ទៅកាន់ក្លឹបតោខៀវ ក្នុងតម្លៃ១០៦លានផោន កាលពីខែមករា ឆ្នាំមុន។
កីឡាករអាហ្សង់ទីនរូបនេះ បាននិយាយថា៖ “ខ្ញុំព្យាយាមឈានឱ្យដល់, ដល់កម្រិតខ្ញុំ ដែលអ្នកបានឃើញនៅ World Cup។ ខ្ញុំចង់ធ្វើឱ្យដូច Enzo នាពេលនោះ ពេលដែលលេងនៅ World Cup”។
“ខ្ញុំចង់ត្រលប់ការលេងឱ្យល្អដូចពេលនោះ។ ខ្ញុំកំពុងព្យាយាមសម្របខ្លួន ហើយមិនទាន់មានភាពពេញលេញជាខ្លួនខ្ញុំនៅឡើយទេ ប៉ុន្ដែខ្ញុំនឹងព្យាយាមឱ្យបានលឿនបំផុតតាមលទ្ធភាពដែលធ្វើទៅបាន ហើយព្យាយាមឱ្យបានខ្លាំងក្លា រាល់ថ្ងៃដើម្បីអាចធ្វើវាឱ្យបាន”។
ទោះមិនទាន់ធ្វើបានល្អតាមដែលខ្លួនចង់បាន ប៉ុន្ដែFernandez នឹងប្រឹងប្រែងបន្ថែមទៀត ហើយគេមានអារម្មណ៍កក់ក្ដៅ និងរីករាយក្នុងការលេងនៅ Chelsea៕