ក្រោយមានរឿងរ៉ាវរបស់ Marcus Rashford គ្រូ Man UTD ថា កីឡាករត្រូវមានវិន័យទាំងក្នុងនិងក្រៅទីលាន

wolf246 News Post 18

គ្រូបង្វឹក Man UTD លោក Erik ten Hag បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករបាល់ទាត់ត្រូវការវិន័យ ទាំងនៅក្នុង និង ក្រៅទីលាន។ ការលើកឡើងរបស់គ្រូបង្វឹកជនជាតិហុល្លង់ គឺកើតឡើងបន្ទាប់ពីរយៈពេល ១សប្តាហ៍ដែល ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុមបិសាចក្រហម ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បន្ទាប់ពីលួចចូលទៅលេងនៅក្លិបកម្សាន្តក្នុងទីក្រុង Belfast ។

បន្ទាប់មក កីឡាករវ័យ ២៦ឆ្នាំ បានរាយការណ៍ថា មានជំងឺ និង បានខកខានការហ្វឹកហាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានអវត្តមានពីការប្រកួត FA Cup កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Newport County ។ លោក Erik ten Hag បានបដិសេធមិនបរិយាយពីស្ថានភាពរបស់ Marcus Rashford ទេ ប៉ុន្តែនៅពេលត្រូវបានសួរនាំអំពីការដាក់ពិន័យទៅលើកីឡាករនោះ លោក ten Hag បានអះអាងថា Rashford បានត្រូវទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើ។

គ្រូបង្វឹកវ័យ៥៣ឆ្នាំ បានថ្លែងថា៖ “ការដាក់ពិន័យលើ Marcus Rashford វាមិនពាក់ព័ន្ធនឹងលោកទេ ហើយវាជាការទទួលខុសត្រូវរបស់គេ តែថា នៅក្នុងកីឡាបាល់ទាត់ កីឡាករត្រូវតែមានវិន័យ ទាំងនៅក្នុងនិងក្រៅទីលាន។” រដូវកាលនេះ Rashford ហាក់មានភាពលំបាក ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ប៉ុណ្ណោះ ពី២៦ប្រកួតគ្រប់កម្មវិធី ខណៈរដូវកាលមុនគេអាចរកបានដល់ទៅ៣០គ្រាប់ ពី៥៦ប្រកួត។

ដោយឡែក Man UTD នឹងត្រូវបន្តការប្រកួតក្របខណ្ឌ Premier League របស់ខ្លួន ដោយត្រូវ ប៉ះ Wolverhampton នៅពាក់កណ្តាលសប្តាហ៍នេះ។ បច្ចុប្បន្ន Man UTD កំពុងឈរលេខ៩ក្នុងតារាងពិន្ទុ ដោយមាន៣២ពិន្ទុ ក្រោយឆ្លងកាត់ ២១ប្រកួតរួចមក៕

Similar Posts