Mundo Deportivo បានបង្ហាញឱ្យដឹងថាក្លិប Barcelona ចង់ផ្តល់ជូន Pedri នូវកិច្ចសន្យាថ្មីបន្ថែមទៀត ដោយចាត់ទុកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជាកីឡាករដ៏សំខាន់បំផុតមួយរបស់ក្លិបនាពេលអនាគត។
ជាក់ស្តែង Pedri ដែលជាអ្នកឈ្នះពានរង្វាន់ Kopa Trophy ក្នុងឆ្នាំ២០២១ ត្រូវបានចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានឥទ្ធិពលបំផុតរបស់ក្លិបរួចទៅហើយ ដោយគេតែងបានបង្ហាញខ្លួនជាទៀងទាត់សម្រាប់ក្រុម។
ប៉ុន្តែទោះជាយ៉ាងក៏ដោយ Pedri បានអវត្តមានភាគច្រើននៅរដូវកាលនេះ ដោយសារតែបញ្ហារបួសសរសៃពួរ ស្របពេលក្លិបក៏បានបញ្ជាក់ផងដែរថា ការប្រកួត UEFA Champions League ទល់នឹង Paris Saint-Germain ក្លិបនឹងមិនទាន់ហ៊ានប្រថុយដាក់ឲ្យតារាឆ្នើមរបស់ខ្លួនរូបនេះចូលលេងនោះឡើយ។
ទោះជាយ៉ាងនេះក្តី ក្លិបនៅតែចង់ឲ្យ Pedri បន្តកុងត្រាថ្មីបន្ថែមទៀត បើបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០២៥–២០២៦ ក៏ដោយ ។
ជម្រាបជូនផងដែរថា ដោយចូលរួមជាមួយ Bacar ពីក្លិប UD Las Palmas ក្នុងឆ្នាំ២០១៩ គិតមកដល់នឹងពេលនេះ Pedri បានបង្ហាញខ្លួនសរុប ១៣៣ ប្រកួតរួចមកហើយ ដោយរកគ្រាប់បាល់បញ្ចូលទីបាន ១៨គ្រាប់ និងassist ចំនួន ១២លើក៕