លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ពីឈ្មោះប្រធានក្រុមថ្មី សម្រាប់ជំនួបមិត្តភាពរបស់ពួកគេជាមួយបែលហ្ស៊ិក នៅកីឡដ្ឋាន Wembley យប់ថ្ងៃអង្គារនេះ។
ជាក់ស្តែងការបញ្ជាក់របស់លោក Southgate បានធ្វើឡើង បន្ទាប់ពីប្រធានក្រុម Harry Kane ត្រូវបានអវត្តមានដោយសាររបួសកជើង ស្របពេលខ្សែការពារស្តាំរបស់ Manchester City កីឡាករ Kyle Walker ដែលជាអនុប្រធានក្រុមនោះ ក៏ត្រូវអវត្តមានដោយសាររបួសផងដែរ។
យ៉ាងណាមិញ ដោយសារតែអវត្តមានរបស់ Kane, Walker និង Maguire ផងដែរ លោក Southgate បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថាខ្សែបម្រើឆ្នើមរបស់ Arsenal និងជាអតីតប្រធានក្រុម West Ham United កីឡាករ Declan Rice នឹងឡើងធ្វើជាប្រធានក្រុមជំនួសវិញ ក្នុងជំនួបទល់នឹងបែលហ្ស៊ិក។
មិនតែប៉ុណ្ណោះ លោក Southgate បានប្រាប់អ្នកយកព័ត៌មានថា ៖“Declan នៅទីនេះ ហើយនេះគឺជាការបង្ហាញខ្លួនឲ្យក្រុម លើកទី ៥០ របស់គាត់។ គាត់មានភាពជាអ្នកដឹកនាំ និងបទពិសោធដ៏អស្ចារ្យរួចទៅហើយ។ វាជាឱកាសដ៏អស្ចារ្យសម្រាប់កីឡាករវ័យក្មេងដូចជាគាត់ ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំ” ៕