ក្លឹបតោខៀវ Chelsea ត្រូវបានអតីតជើងចាស់បង្ហាញប្រាប់ចំៗ ថាបានបង្កកំហុសជុំវិញរឿងមិនចុះហត្ថលេខានាំយក Cristiano Ronaldo។ នេះបើតាមសម្តីរបស់អតីតជើងចាស់លោក William Gallas និយាយថា តោខៀវខ្វះឆន្ទៈក្នុងការចង់ឈ្នះពានរង្វាន់។
គួរឲ្យដឹងម្ចាស់ពាន Ballon d’Or ក៏ធ្លាប់មានចចាមអារ៉ាមផ្ទេរទៅក្លឹបម្ចាស់ដី Stamford Birdge កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់តែបិសាចក្រហម Man United ព្យាយាមរំអុកឲ្យតារាចាស់វស្សាព័រទុយហ្គាល់ចាកចេញទៅ។ ដល់ចុងក្រោយ CR7 បានបញ្ចប់ការផ្ទេរមកកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីតជំនួសវិញ ហើយកំពុងរះនៅវ័យ ៣៩ ឆ្នាំ។
ងាកទៅអតីតខ្សែការពារលោក Gallas បានរៀបរាប់យ៉ាងដូច្នោះថា៖ “Chelsea បានបង្កើតកំហុសជុំវិញការមិនចុះហត្ថលេខាយក Cristiano Ronaldo នេះកាលនោះកីឡាករទំនេរ ដែលអាចយកបាន ហើយ Chelsea ក៏ជាក្លឹបល្អមួយដែរសម្រាប់គេចូលរួម”។
លោកបន្ត៖ “គ្រប់គ្នាបានដឹងច្បាស់ណាស់អំពីសារៈសំខាន់របស់ Ronaldo នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ គេបាននាំឆន្ទៈនៃការចង់ឈ្នះ ដែលវាពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ក្រុមទាំងមូល ហេតុផលនេះហើយដែល Chelsea បានបង្កកំហុសនោះ សម្រាប់ការយល់ឃើញរបស់ខ្ញុំ”៕