ក្លឹប Real Madrid នឹងនៅតែបន្ដការចង់បានខ្សែប្រយុទ្ធ Erling Haaland ដែលកំពុងបង្ហាញភាពលេចធ្លោក្នុងការប្រកួតសម្រាប់ Manchester City។ ក្លឹបអធិរាជស ធ្លាប់ព្យាយាមក្នុងការនាំយក ខ្សែប្រយុទ្ធជម្រើសជាតិន័រវែសរូបនេះ តាំងពីគេលេងនៅក្លឹប Borussia Dortmund មកម្ល៉េះ។
Haaland នៅតែស្ថិតក្នុងគម្រោងរបស់ Man City នាពេលប៉ុន្មានឆ្នាំតទៅមុខទៀត ខណៈបច្ចុប្បន្នក្លឹបមេឃខៀវ ព្យាយាមក្នុងការឈ្នះ Treble ជាលើកទី២ នាដំណាច់រដូវកាលនេះ។
កិច្ចសន្យារបស់ Haaland នៅទឹកដី Etihad មានសុពលភាពដល់ឆ្នាំ២០២៧ ប៉ុន្ដែក៏មានលទ្ធភាពនៃការចាកចេញផងដែរ បើទោះបីជាកីឡាកររូបនេះ រីករាយនៅ Man City ក៏ដោយ។
យោងតាមដំណឹងលេចឮកន្លងមក Haaland មានតម្លៃផ្ដាច់កុងត្រា១៧០លានផោន ដែលត្រូវអនុវត្តចាប់ពីខែមិថុនាតទៅ ហើយនឹងបន្ថយសល់ត្រឹម១៥០លានផោន នាឆ្នាំ២០២៥។
ដំណឹងចុងក្រោយទទួលបានពីសារព័ត៌មាន AS បានអះអាងថា ក្លឹប Man City មានទំនុកចិត្តក្នុងការបន្ដកិច្ចសន្យាថ្មីជាមួយនឹងអ្នកតំណាងរបស់ Haaland ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះ ចង់រក្សាទុកនូវជម្រើសចាកចេញ ហើយ Real Madrid អាចជាក្លឹបដែលហ៊ានចំណាយលើការទិញខ្សែប្រយុទ្ធរូបនេះ នាពេលអនាគត៕