Erik ten Hag បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានជុំវិញរឿងរ៉ាវ Marcus Rashford ដែលអវត្តមានពីប្រកួតសំខាន់ទល់ Newport Countyកាលពី Man United យកឈ្នះ ៤-២ ថ្មីថ្មោងនៅពានរង្វាន់ FA Cup ជុំទី ៤។
គ្រូសញ្ជាតិហូឡង់ បានលើកឡើងពាក់ព័ន្ធរឿង Rashford មិនបានមកហ្វឹកហាត់កាលពីថ្ងៃសុក្រ រួចប្រាប់ថាមានបញ្ហាមិនស្រួលខ្លួន។ ដល់តែសារព័ត៌មានបានចុះផ្សាយរូបភាពកីឡាករអង់គ្លេសអាចឆ្លៀតពេលទៅចូលក្លឹបរាត្រីនៅយប់មុននោះប៉ុន្មានម៉ោង ដែលសន្មតថា ហេតុផលនៃការដាក់ច្បាប់របស់ Rashford គឺជាការកុហកមកកាន់ក្លឹប។
សម្រាប់ Ten Hag បានឆ្លើយតប៖ “គេរៀបរាប់មកក្លឹបគឺថាគេឈឺ គេអត់ស្រួលខ្លួន យ៉ាងណាទាំងអស់នេះវាជាបញ្ហាផ្ទៃក្នុងរបស់ក្លឹបនិងកីឡាករ ដូច្នេះខ្ញុំនឹងដោះស្រាយរឿងនោះឲ្យបានលឿនបំផុត ពួកយើងនឹងប្រញាប់ដោះស្រាយវា”។
គួរឲ្យដឹងថា កន្លងមកអ្នកចាត់ការសញ្ជាតិហូឡង់ ធ្លាប់មានរឿងប៉ះគ្នានឹង Jadon Sancho ជាសមាជិកសំខាន់មួយរូបហើយ ដល់ថ្នាក់កីឡាករអង់គ្លេសជ្រើសផ្លូវបែកក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ Borussia Dortmund។ ឥឡូវថែមរឿង Rashford មួយទៀត យើងនឹងរង់ចាំអ៊ុតមើលតើចំណាត់ការរបស់ក្លឹបទៅជាបែបណា?