ភ្នាក់ងាររបស់ខ្សែបម្រើ Moises Caicedo បានបង្ហើបថា ក្លឹប Barcelona បានទាក់ទងកីឡាករកូឡុំប៊ីរូបនេះមុនពេលគេសម្រេចការផ្ទេរទៅកាន់ក្លឹប Chelsea ក្នុងតម្លៃ១១៥លានផោន។
Caicedo បានចាកចេញពីក្លឹប Brighton ទៅចូលរួមនៅទឹកដិ Stamford Bridgde ដោយមានការរាយការណ៍ថា ក្លឹបតោខៀវយកឈ្នះការប្រជែងជាមួយ Liverpool ដើម្បីកីឡាករវ័យ២២ឆ្នាំ។
ប៉ុន្ដែភ្នាក់ងារ Manuel Sierra បានបង្ហើបឱ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Barca បានតាមដានខ្សែបម្រើដែលកំពុងលេចធ្លោនៅ Premier League រូបនេះ ប៉ុន្ដែពួកគេបានសម្រេចចិត្តដកខ្លួនវិញ ដោយសារដឹងថាពុំមានលទ្ធភាពចំណាយលើការផ្ទេររូបគេ។
ថ្លែងប្រាប់សារព័ត៌មាន AS លោក Sierra បាននិយាយថា៖ “មែនហើយ Barca បានស្នើមក ប៉ុន្ដែវាពិបាកទៅរួចសម្រាប់ពួកគេ។ វាបង្ហាញយ៉ាងច្បាស់។ នៅទីបំផុត ជាមួយនឹងបញ្ហាច្បាប់ Fair Play និងបញ្ហាផ្សេងៗទៀត វាជាបញ្ហាដ៏ស្មុគស្មាញ”។
“ប៉ុន្ដែមែនហើយ ពួកគេក៏បានសួរយើងផងដែរ។ ពុំមានសំណើផ្លូវការនោះទេ មានតែការនិយាយប៉ុណ្ណោះ។ ជារឿងធម្មតា នៅក្នុងទីផ្សារ”៕