Varane អាចនឹងចូលរួមជាមួយក្រុមយក្សនៅអឺរ៉ុប Bayern Munich ក្នុងខែមករាខាងមុខនេះ

wolf246 News Post 9

កីឡាករ Raphael Varane ខ្សែការពារក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងចចារជាមួយក្រុម Bayern Munich ដើម្បីចូលរួមក្នុងខែមករា ឆ្នាំ២០២៤ នេះ។ ក្រុម Bayern Munich កំពុងតែបន្តតាមដានទៅលើស្ថានភាពរបស់កីឡាករ Raphael Varane ដោយក្រុម Bayern Munich មិនចង់បានក្នុងលក្ខខណ្ឌខ្ចីជើងនោះឡើយ ពួកគេអាចនឹងស្នើទិញផ្តាច់ក្នុងតម្លៃខ្លួនប្រមាណ ២៦.៣ លានផោន។

កីឡាករ Raphael Varane បានចូលរួមជាមួយក្រុម Manchester United ក្នុងឆ្នាំ ២០២១ ក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក Ole Gunnar Solskjaer។ ប៉ុន្តែ កីឡាករដែលឈ្នះពាន UEFA Champions League ចំនួន ៤ ដងជាមួយក្រុម Real Madrid រូបនេះ ហាក់បីដូចជាមានបញ្ហារបួសជារឿយៗក្នុងអំឡុងពេលលេងឱ្យក្រុម Manchester United។

ក្នុងរដូវកាលថ្មីនេះ កីឡាករ Raphael Varane បានជាប់ឈ្មោះ ១១ នាក់ដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League បានម្តងប៉ុណ្ណោះ ក្នុងជំនួបដែលក្រុម Manchester United បរាជ័យក្រោមថ្វីជើងរបស់ក្រុម Crystal Palace និងបន្តរបួសចាប់តាំងពីការប្រកួតជាមួយក្រុម Nottingham Forest ក្នុងខែសីហា ឆ្នាំ២០២៣។ ម្យ៉ាងវិញទៀត លោក Erik ten Hag ហាក់បីដូចជាជ្រើសយកខ្សែការពារ Harry Maguire និង Jonny Evans ច្រើនជាងនាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះកីឡាករ Kingsley Coman និងកីឡាករ Dayot Upamecano គឺជាកីឡាករសញ្ជាតិបារាំងតែ ២ រូបប៉ុណ្ណោះ ដែលលេងឱ្យក្រុម Bayern Munich ស្របពេលដែលកីឡាករ Lucas Hernandez និងកីឡាករ Benjamin Pavard ទើបនឹងចាកចេញថ្មីៗនេះ។ ក្រុម Bayern Munich ក៏ធ្លាប់មានកីឡាករល្អៗសញ្ជាតិបារាំងផងដែររួមមានលោក Franck Ribery លោក Bixente Lizarazu និងលោក Willy Sagnol។

អ្វីដែលកីឡាករ Raphael Varane ត្រូវជួបប្រទះសព្វថ្ងៃនៅក្រុម Manchester United នោះ គឺព្យាយាមធ្វើយ៉ាងណាដើម្បីដណ្ដើមដំណែង ១១ នាក់ដំបូងយកមកវិញ ដោយទីផ្សារដោះដូរកីឡាករខែមករា នឹងមកដល់ក្នុងរយៈពេល ៦ សប្តាហ៍ទៀត។ ប្រសិនបើក្រុម Manchester United ហ៊ានបណ្ដោយឱ្យកីឡាករ Raphael Varane ចាកចេញនោះ ពួកគេអាចនឹងមានបញ្ហាកង្វះខាតខ្សែការពារ៕

Similar Posts