ក្លឹប Napoli ជឿជាក់ថា ពួកគេអាចរកបានអ្នកជំនួសខ្សែប្រយុទ្ធ Victor Osimhen នៅរដូវក្ដៅនេះ ដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ាបានដឹងថាគេនឹងផ្លាស់ទៅទីណារួចទៅហើយ។
ជម្រើសមួយសម្រាប់ Napoli ដែលអាចនឹងពិចារណា គឺជាខ្សែប្រយុទ្ធ Artem Dovbyk របស់ក្លឹប Girona ដែលបច្ចុប្បន្នកំពុងនាំមុខក្នុងតារាងអ្នករកគ្រាប់បាល់ច្រើនបំផុតនៅ La Liga។
យោងតាមប្រភពពី Il Mattino ឱ្យដឹងថា Dovbyk ស្ថិតនៅក្នុងរ៉ាដារបស់ Napoli ក្នុងរដូវក្ដៅនេះ ប្រសិនបើ Osimhen ចាកចេញពីក្លឹប។
មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេថាតើ Girona នឹងទាមទារតម្លៃនៃការផ្ទេរប៉ុណ្ណា សម្រាប់ខ្សែប្រយុទ្ធអ៊ុយក្រែនប៉ុន្ដែពួកគេក៏ពិចារណារក្សាទុក អ្នកជំនាញរកគ្រាប់បាល់របស់ខ្លួនផងដែរ សម្រាប់ការចូលរួម Champions League ជាលើកដំបូងរបស់ខ្លួន។
កន្លងមកក្លឹបមួយចំនួនដូចជា Chelsea និង Atletico Madrid ក៏មានការភ្ជាប់ជាមួយនឹង Dovbyk ប៉ុន្ដែពុំមានការចរចាណាមួយកើតឡើងនោះទេ៕