Kevin De Bruyne អាចនឹងប្តូរក្លិបថ្មី បន្ទាប់ពីសម្រេចរឿងនេះហើយ

wolf246 News Post 194

កីឡាករ Kevin De Bruyne ចូលរួមជាមួយក្រុម Manchester City ចាប់តាំងពីឆ្នាំ២០១៥ ដោយកីឡាកររូបនេះធ្លាប់បាននិយាយម្តងហើយថា រូបគេចង់លេងឱ្យក្រុម Manchester City ឱ្យបានគ្រប់ ១០ ឆ្នាំ ស្របពេលដែលកុងត្រារបស់គេនឹងត្រូវផុតនាឆ្នាំ២០២៥។

ក្លិបបាល់ទាត់នៅតំបន់មជ្ឈឹមបូព៌ាជាច្រើនបានបង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ស្របពេលដែលក្រុម Man City អាចលក់រូបគេចេញក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ស្របពេលដែលមានវត្តមានកីឡាករ Cristiano Ronaldo និងកីឡាករ Karim Benzema កំពុងលេងនៅប្រទេសអារ៉ាប៊ីសាអូឌីតនោះ អតីតមិត្តរួមក្រុមរបស់ De Bruyne គឺកីឡាករ Riyad Mahrez និងកីឡាករ Aymeric Laporte ក៏កំពុងលេងនៅទីនោះដូចគ្នា។

ការចចារលើការទិញកីឡាករ Kevin De Bruyne អាចនឹងទៅរួច ប៉ុន្តែបើយោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា ក្រុម Man City ព្រមចចារលុះត្រាតែកីឡាករ Kevin De Bruyne បង្ហាញចំណាប់អារម្មណ៍ក្នុងការចាកចេញប៉ុណ្ណោះ ដោយឥឡូវនេះរូបគេកំពុងតែរីករាយក្នុងការលេងនៅប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា កីឡាករ Kevin De Bruyne ធ្លាប់ឈ្នះ PFA Player of the Year ចំនួន ២ ដង ដោយបង្ហាញខ្លួនឱ្យក្រុម Man City បាន ៣៧០ ប្រកួត និងជួយឱ្យ Man City ឈ្នះពាន ១៤ ដង។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ តែងតែរបួសជារឿយក្នុងមួយរយៈចុងក្រោយនេះ ប៉ុន្តែក្លិបបាល់ទាត់ Man City នៅតែរីករាយក្នុងការឱ្យកីឡាកររបស់ខ្លួនលេងរហូតដល់ផុតកុងត្រា ដូចករណីកីឡាករ Ilkay Gundogan និងកីឡាករ Fernandinho ជាដើម៕

Similar Posts