ខ្សែការពារឆ្នើមរបស់ក្លិបបារាំង Lille កីឡាករ Leny Yoro ត្រូវបានគេរាយការណ៍មកថា ចង់ផ្ទេរទៅចូលរួមជាមួយក្លិប Real Madrid ប៉ុណ្ណោះ ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United និង Chelsea ក៏ដោយ។
ជាក់ស្តែង Yoro បានអភិវឌ្ឍសមត្ថភាពពីក្រុមយុវជន ដើម្បីឡើងមកលេងក្នុងឈុតធំរបស់ក្លិប Lille ជាលើកដំបូង ក្នុងអំឡុងជ័យជម្នះទៅលើក្រុម Nice កាលពីខែឧសភា ឆ្នាំ២០២២។ ហើយចាប់តាំងពីពេលនោះមក គេបានបន្តបង្ហាញខ្លួនសរុប ៥១ប្រកួត ដោយរកបាន ៣គ្រាប់ផងដែរ។
ជុំវិញសមត្ថភាពដ៏លេចធ្លោនេះហើយ បានធ្វើឲ្យ Yoro ស្ថិតនៅក្នុងការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើន នៅតំបន់អឺរ៉ុប ដោយក្នុងនោះរួមមាន Manchester City, Liverpool , Paris Saint-Germain , Man Utd និង Chelsea ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពីកាសែត Marca បានរាយការណ៍មកថា Yoro បានជូនដំណឹងទៅកាន់ក្លិប Lille រួចរាល់ហើយ ចំពោះបំណងប្រាថ្នារបស់គេ ក្នុងកាចូលរួមជាមួយក្លិប Madrid ប៉ុណ្ណោះ នៅរដូវក្តៅខាងមុខនេះ។
ប្រភពដដែលនេះ បង្ហាញទៀតថា ក្លិប Lille បានកំណត់តម្លៃខ្លួនសម្រាប់ Yoro រួចរាល់ហើយ ដោយនឹងទាមទារប្រមាណ ១០០លានអឺរ៉ូ (៨៥,៤លានផោន) ប៉ុន្តែយ៉ាងណាក្លិប Real Madrid ចង់ចរចាតម្លៃចន្លោះពី ៣០លានអឺរ៉ូ ទៅ ៤០លានអឺរ៉ូ ប៉ុណ្ណោះ៕