វីរបុរសក្លិបបិសាចក្រហម Manchester United លោក Dwight Yorke ថ្មីៗនេះ បានធ្វើការជ្រើសរើសយក Alejandro Garnacho ជាកីឡាករឆ្នើមបំផុតរបស់ក្រុមប្រចាំរដូវកាល បើទោះបីជា United កំពុងជួបប្រទះជាមួយស្ថានភាពដ៏លំបាកមួយក៏ដោយ។
ជាក់ស្តែងខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានពង្រឹងតំណែងរបស់ខ្លួន នៅក្នុងការចូលលេងនៅជម្រើសដំបូងសម្រាប់ក្រុម នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុប ២៦ប្រកួត នៅក្នុងលីគ។
Garnacho បានរួមចំណែករកបាន ៥គ្រាប់ នៅ Premier League និងពីរគ្រាប់ នៅក្នុងការប្រកួតពានរង្វាន់ផ្សេងទៀត នៅរដូវកាលនេះ ជាមួយនឹងការចាប់ដៃគូក្នុងតំបន់ប្រយុទ្ធខាងលើរួមជាមួយ Marcus Rashford និង Rasmus Hojlund ។
ជុំវិញការកើនឡើងសមត្ថភាពនេះហើយ ទើបបានធ្វើឲ្យជើងចាស់លោក Yorke បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងបានជ្រើសរើសយក Garancho ថាជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ក្រុម Man Utd រួចទៅហើយ បើទោះបីជារដូវកាលនេះ មិនទាន់បញ្ចប់នៅឡើយក៏ដោយ។
លើសពីនេះ លោកបាននិយាយថា ៖ ” Alejandro Garnacho គឺជាកីឡាករឆ្នើមបំផុតរបស់ Man United សម្រាប់ខ្ញុំក្នុងរដូវកាលនេះ។ គាត់នៅមានវ័យក្មេងនៅឡើយ ប៉ុន្តែរាល់ការសម្រេចចិត្តរបស់គាត់មើលទៅហាក់មានភាពចាស់ទុំ ហើយគាត់នៅតែអាចបន្តធ្វើបានល្អប្រសើជាងនេះទៅទៀត។ ខ្ញុំគិតថាគាត់ជាកីឡាករដែលបានបង្ហាញគុណផលលេងល្អជាប់លាប់ បើធៀបទៅនឹងកីឡាករផ្សេងទៀត នៅក្នុងក្រុម” ៕