Liverpool អាចនឹងត្រូវចាយលុយធំ ប្រសិនចង់បាន Alonso មកដឹកនាំក្រុម

wolf246 News Post 5

យោងតាមរបាយការណ៍មួយបានបង្ហាញឱ្យដឹងថាក្រុមហង្សក្រហម Liverpool អាចនឹងត្រូវធ្វើការចំណាយចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមួយ ប្រសិនបើពួកគេចង់បានអ្នកចាត់ការក្រុមលោក Xabi Alonso មកកាន់ទឹកដី Anfield នៅរដូវក្តៅខាងមុខនេះនោះ។

ជាការពិតណាស់ក្លិប Liverpool កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុម បន្ទាប់ពីលោក Jurgen Klopp បានប្រកាសកាលពីដើមឆ្នាំនេះ លោកនឹងលាលែងពីតំណែងនៅចុងបញ្ចប់នៃរដូវកាលនេះហើយ បន្ទាប់ពីចាយពេលអស់ប្រាំបីឆ្នាំកន្លះ។

ជុំវិញស្ថានភាពនេះ មានអ្នកចាត់ការល្បីៗជាច្រើន ហាក់កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅសម្រាប់ក្រុម Liverpool រួចទៅហើយ ប៉ុន្តែអ្វីដែលពិសេសគឺអ្នកចាត់ការបច្ចុប្បន្នរបស់ក្រុម Bayer Leverkusen ត្រូវបានគេជឿថាកំពុងក្លាយជាបេក្ខភាពកំពូល សម្រាប់តំណែងនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Alonso បច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្រុម Leverkusen រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ខណ:ពេលដែលប្រធានផ្នែកកីឡារបស់ក្លិប គឺលោក Simon Rolfes បញ្ជាក់យ៉ាងច្បាស់ថាគ្មានហេតុផលណាមួយ ដែល Alonso នឹងត្រូវចាកចេញពីក្លិបដោយស្រួលៗនោះឡើយ។

ដូច្នេះហើយ Liverpool ចាំបាច់ត្រូវបានធ្វើការខ្លាំង ប្រសិនបើពួកគេនៅតែបន្តចង់ទាញយក Alonso ឱ្យចេញឆ្ងាយពី Leverkusen ដោយយោងតាមការចុះផ្សាយពី Sky Sports បានអះអាងថា ក្លិបអង់គ្លេស អាចនឹងត្រូចំណាយរហូតដល់ទៅ ២១លានផោនឯណោះ ប្រសិនបើពួកគេចង់បានបុរសសញ្ជាតិអេស្ប៉ាញមកដឹកនាំក្រុម នៅរដូវកាលក្រោយ៕

Similar Posts