អតីតប្រធានផ្នែកកីឡារបស់ក្លិប Al Nassr លោក Goran Vucevic បានបង្ហើបថាខ្សែបម្រើ Luka Modric ធ្លាប់ខិតជិតខ្លាំងមែនទែន ក្នុងការផ្ទេរមកចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត កាលពីរដូវក្តៅកន្លងទៅ មុនពេលសម្រេចចិត្តបន្តស្នាក់នៅ Real Madrid បន្ត។
ជាក់ស្តែង Modric ត្រូវបានគេរាយការណ៍ថា ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំង ក្នុងការចាកចេញពីក្លិប Madrid កាលពីរដូវក្តៅកន្លងទៅ នៅពេលដែលគេហាក់លែងជាជម្រើសចម្បងសម្រាប់ក្លិបយក្សអេស្ប៉ាញទៀតនោះឡើយ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ខ្សែបម្រើរូបនេះបានសម្រេចចិត្តជ្រើសរើសយកការស្នាក់នៅកីឡដ្ឋាន Santiago Bernabeu បន្តទៀត។ ប៉ុន្តែប្រសិនបើគេមិនអាចនៅ La Liga បន្តទេនោះ វាត្រូវបានគេយល់ឃើញថាគោលដៅធំរបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ច្បាស់ជាក្លិប Al Nassr របស់ Cristiano Ronaldo ជាក់ជាមិនខាន។
លើសពីនេះ លោក Goran Vucevic ដែលធ្លាប់កាន់តំណែងជាអតីតនាយកផ្នែកកីឡានៃក្រុមអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា Modric ទទួលបានសំណើធំពីសំណាក់ក្លិប Al Nassr ប៉ុន្តែទីបំផុតគេបែជាបានជ្រើសរើសនៅជាមួយ Real Madrid ជំនួសវិញ៕