ជឿថា Erling Haaland ទំនងកៀកត្រលប់មកចូលទីលានម្តងទៀតហើយ បន្ទាប់តែពីខ្សែប្រយុទ្ធក្លឹប Manchester City ខាងលើ ប្រទះឃើញជួបជុំហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃចន្ទកន្លងទៅ ដោយរំពឹងនឹងចូលរួមប្រកួតឲ្យក្លឹបដឹកនាំដោយលោក Pep Guardiola នាដើមខែកុម្ភៈខាងមុខ។
បុរសសញ្ជាតិន័រវេស គេបានជួបបញ្ហារបួសផ្នែកប្រអប់ជើង និងទាមទារការសម្រាកអស់រយៈពេលជាងមួយខែ។ យ៉ាងណាថ្មីៗនេះក្លឹបស្ថិតក្នុងទីក្រុង Manchester បានបង្ហោះរូបភាពនៃការត្រលប់មកហ្វឹកហាត់វិញ របស់មនុស្សយន្តជាម៉ាស៊ីនបញ្ចប់ឥតខ្វះបាន។
កន្លងមកនៅអវត្តមាន Haaland ចាប់តាំងការប៉ះ Aston Villa លើកចុងក្រោយ City ក៏ហែលកាត់ទាំងអវត្តមានបុរសខាងលើជាមួយលទ្ធផលល្អគួរសមដែរ ជាក់ស្តែងសរុប ៩ ប្រកួត មិនទាន់ស្គាល់ចាញ់ ពោលឈ្នះដល់ទៅ ៨ និងស្មើ ១។ នេះគេឈ្នះគ្រប់ការប្រកួតនៅ Premier League, Champions League, FA Cup និង FIFA Club World Cup ចំថ្ងៃលើកពានរង្វាន់។
ការប្រកួតទល់ Burnley នាចុងខែមករា និងអាចយូរបំផុតដល់ថ្ងៃទល់ Brentford នាទី ០៥ កុម្ភៈ ជាការត្រលប់មកវិញរបស់គ្រាប់ពេជ្រខាងលើជាក់ជាមិនខាន។ យើងនឹងរង់ចាំមើល ខណៈខកខានទស្សនាការលេងជួបជុំរវាង Kevin de Bruyne និង Erling Haaland ជិតកន្លះរដូវកាល វាចំពេល KDB កំពុងល្អផង បែបនេះប្រាកដនឹងមានរឿងភ្ញាក់ផ្អើលកើតឡើង៕