ក្លឹបយក្សបារាំង PSG បានធ្លាក់ចេញពីការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើង Borussia Dortmund។ ទោះជាយ៉ាងណា ក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅតែបង្ហាញជំនឿចិត្តថា ក្រុមរបស់ខ្លួននឹងនៅតែអាចមានឱកាសឈ្នះពាន UCL ក្នុងពេលឆាប់ៗខាងមុខ។
តាមសម្ដីរបស់ Mbappe ដែលបានដកស្រង់ដោយអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា៖ “វាជាដំណើរការដ៏វែងឆ្ងាយ ដើម្បីឈ្នះពាន UEFA Champions League ហើយខ្ញុំប្រាកដថា PSG នឹងនៅមិនឆ្ងាយពីឱកាសឈ្នះវានោះទេ។ យើងសោកស្ដាយ សម្រាប់ការប្រកួតយប់នេះ យើងពិតជាខកចិត្ត”។
គួររំលឹកផងដែរថា PSG បានចាញ់ Borussia Dortmund ក្នុងការប្រកួត UEFA Champions League ទាំងពីរជើង ដោយលទ្ធផលសរុប 2-0។ បច្ចុប្បន្ន Borussia Dortmund កំពុងអង្គុយនៅកៅអីវគ្គផ្ដាច់ព្រ័ត ដោយរងចាំជួបអ្នកឈ្នះរវាង Real Madrid រឺ Bayern Munich ដែលធ្វើការប្រកួតនៅរំលងអាធ្រាតនេះ។