អតីតខ្សែការពារជើងចាស់លោក Rio Ferdinand បានមានប្រសាសន៍ថា មានតែផ្លូវមួយគត់ដែល Manchester United អាចអន្ទងចិត្តឱ្យខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់មកវិញបាន គឺទាល់តែលោក Erik ten Hag ត្រូវបានក្លិបបណ្តេញចេញពីតំណែងជាមុនសិន។
ជាការពិតណាស់ កាលពីដើមរដូវកាល ២០២៣-២០២៤ នេះ ទំនាក់ទំនងគ្រូសិស្សរវាងលោក Ten Hag និង Sancho គឺត្រូវបានប្រេះឆា បន្ទាប់ពីអ្នកទាំង ២ បានប៉ះទង្គិចពាក្យសម្តីគ្នា ហើយចុងក្រោយ ដោយសារតែស្ថានភាពដ៏អាក្រក់បែបនេះ Man UTD ក៏បានសម្រេចចិត្តដាក់ Sancho ឱ្យ Dortmund អតីតក្លិបរបស់គេខ្ចីជើងបណ្តោះអាសន្នសិន។
យ៉ាងណាមិញ បន្ទាប់ពីត្រឡប់ទៅ Dortmund វិញ ឥឡូវនេះ Sancho កំពុងតែបង្ហាញទម្រង់លេងបានល្អខ្លាំងសឹងមិនគួរឱ្យជឿ ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលពីយប់មិញនេះ ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះ ទើបតែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យ Dortmund ទម្លាក់ PSG ដណ្តើមបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Champions League។
ទាក់ទងនឹងរឿងខាងលើ, លោក Ferdinand បានមានប្រសាសន៍ប្រាប់ TNT យ៉ាងដូច្នេះថា៖
ខ្ញុំគិតថា មានផ្លូវតែមួយគត់ ដែលគាត់អាចត្រឡប់មក Manchester United វិញ នោះទាល់តែ Ten Hag មិននៅទីនេះ។… ខ្ញុំមិនគិតថា ពួកគេអាចបំផ្លាញអ្នកចាត់ការនៅក្នុងរបៀបនេះទេ។ ខ្ញុំគិតថា Ten Hag គួរតែដើរចេញដោយខ្លួនឯងទៅ ដើម្បីបើកផ្លូវឱ្យ Jadon Sancho បានត្រឡប់មកវិញ៕