លោក Thomas Tuchel ដែលត្រៀមនឹងចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ ត្រូវបានគេដឹងថា ចង់បន្តអាជីពរបស់ខ្លួន ដោយដឹកនាំក្លឹបបិសាចក្រហម Manchester United។ យ៉ាងណាមិញ ឱកាសដែល Thomas Tuchel អាចនឹងចូលរួមជាមួយបិសាចក្រហមបាន លុះត្រាតែក្លឹបយក្សរបស់អង់គ្លេសមួយនេះបណ្ដេញគ្រូបង្វឹកបច្ចុប្បន្នរបស់ខ្លួនលោក Erik ten Hag ចេញពីតំណែង។
ថ្នាក់លើរបស់ក្លឹបបិសាចក្រហម ចាប់អារម្មណ៍លើ Thomas Tuchel ខណៈដែលជោគវាសនារបស់ Erik ten Hag កំពុងស្ថិតក្នុងស្ថានភាពសង្ស័យ។ ថ្វីត្បិតតែ Thomas Tuchel មិនអាចដឹកនាំ Bayern Munich ឲ្យឈ្នះពានលីគនៅរដូវកាលនេះក៏ដោយ ប៉ុន្តែទម្រង់លេងរបស់ក្រុម ហាក់មិនអាក្រក់ពេកឡើយ។
ទន្ទឹមនឹងនេះដែរ Bayern Munich នៅតែមានក្ដីសង្ឃឹមក្នុងការឈ្នះពានដ៏ធំមួយគឺ UEFA Champions League ដែលពួកគេបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ បន្ថែមលើសពីនេះទៀត Thomas Tuchel ក៏ធ្លាប់ជាគ្រូបង្វឹកដែលមានបទពិសោធន៍ស្រាប់ក្នុងការដឹកនាំក្លឹបនៅ Premier League។