Bruno Fernandes និង Marcus Rashford មានការសង្ស័យយ៉ាងខ្លាំងចំពោះការមិនបានធ្វើដំណើរជាមួយ Manchester United ទៅកាន់ទឹកដី Crystal Palace នៅថ្ងៃចន្ទខាងមុខនេះ។
Rashford បានរងរបួសនៅក្នុងការឈ្នះ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Man Utd ទៅលើក្រុម Coventry City នៅ Wembley ហើយក៏បានខកខានការប្រកួតពីរលើកចុងក្រោយជាមួយ Sheffield United និង Burnleyផងដែរ។ Fernandes ដែលមិនធ្លាប់ខកខានការប្រកួតសម្រាប់ Man United ដោយសាររបួសនោះបានរងរបួសនៅពេលហ្វឹកហាត់ នៅ Old Trafford កាលពីថ្ងៃសៅរ៍ ប៉ុន្តែ Ten Hag កំពុងតាមដានប្រធានក្រុមរបស់គាត់ដើម្បីធានាឱ្យមានភាពគ្រប់គ្រាន់សម្រាប់ការប្រកួតនៅ Selhurst Park។ នៅពេលសួរអំពី Rashford Ten Hag បាននិយាយថា៖
“ខ្ញុំមិនអាចប្រាប់បានទេ។ កាលពីសប្តាហ៍មុន បន្ទាប់ពីប្រកួតជាមួយ Coventry បញ្ហារបស់គាត់មិនទាន់បានជាសះស្បើយនៅឡើយទេរហូតមកដល់ពេលនេះ។ បន្ទាប់ពីការប្រកួត (ទល់នឹង Burnley) យើងមានបញ្ហាជាមួយ Bruno បន្ថែមទៀត។ គាត់កំពុងស្ថិតនៅការសង្ស័យសម្រាប់ថ្ងៃច័ន្ទ។ យើងទាំងអស់គ្នាដឹងហើយថា Bruno គាត់មិនចុះចាញ់ទេ មិនដែលបដិសេធសម្រាប់ការប្រកួតណាមួយឡើយ។ គាត់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអាចរកគ្រាប់បាន”។
មានភាពប្រសើរមួយសម្រាប់ United កាលពីថ្ងៃព្រហស្បតិ៍ Anthony Martial ត្រលប់មកហ្វឹកហាត់វិញជាលើកដំបូងចាប់តាំងពីខែមករា ហើយ Jonny Evans ក៏ចូលរួមវិញផងដែរ។ លោក Ten Hag បានបន្ថែមថា៖
“Jonny Evans បានត្រលប់មកវិញនៅថ្ងៃនេះត្រៀមហ្វឹកហាត់ជាមួយក្រុម។ ថ្ងៃស្អែកពួកយើងឈប់សម្រាក ហើយពីរថ្ងៃទៀតរហូតដល់ការប្រកួត។ Martial ក៏បានហ្វឹកហាត់ជាមួយក្រុមដែរ។”
ទោះបីជាឱកាសរបស់ Man Utd ក្នុងវគ្គជម្រុះ Champions League បានបាត់បង់ក៏ដោយ ក៏ពួកគេនៅតែអាចប្រជែងកៅអី Europa League ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ឬ ៦ក្នុងតារាង ជាពិសេសក្នុងការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ។