១០ លើក​ហើយ​រដូវ​កាល​នេះ Alonso បានដឹកនាំ Leverkusen ​ក្លាយទៅ​ជាអ្នកពិឃាត​ចុង​ម៉ោង

wolf246 News Post 200

Bayer Leverkusen គ្មាន​ឡើយ​ពាក្យ​ថា ចាញ់ សម្រាប់​ពួក​គេ​នៅ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។ រាប់​គ្រប់​ក្របខ័ណ្ឌ​ទាំង​អស់ ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Xabi Alonso បាន​ឆ្លង​កាត់ ៤៦ ប្រកួត​ហើយ មិន​ស្គាល់​បរាជ័យ​សូម្បី​មួយ ជា​ហេតុ​នាំ​ឲ្យ​ឱកាស​កាន់​ពាន ៣ នា​រដូវ​កាល​ទោល​ក៏​មាន​ខ្ពស់ ជាក់ស្តែង​គិត​ត្រឹម​សព្វថ្ងៃ​កំពុង​កាន់​ពាន Bundesliga ហើយ​រង់ចាំ​អ៊ុត​មើល​ DFB-Pokal និង UEFA Europa League ពីរ​ផ្សេង​ទៀត។

ចាប់​អារម្មណ៍​ក្នុង​ចំណោម​នោះ មាន ១០ ​ប្រកួត​ដែល​ក្លឹប​ម្ចាស់ដី BayArena ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល រំភើប​ញាប់ញ័រ​ចុង​ម៉ោង​ដល់​អ្នក​គាំទ្រ​ទូទាំង​សកលលោក ដែល​ជា​ការ​ស្រង់​ខ្លួន​ឯង ចេញ​ផុត​ពី​ការ​ចាញ់ និង​ស្មើ នៅ​ពេលវេលា​កៀក​នឹង​ចប់​ការ​ប្រកួត​ម្តងៗ​ទៅ​ហើយ។

មក​ទល់​ពេល​នេះ ជា​ប្រកួត​ទី ៤៦ សម្រាប់ Leverkusen ដែល​លេង​មិន​ស្គាល់​ចាញ់​ជាប់ៗ​គ្នា​យូរ​បង្អស់ រាប់​ជា​ក្លឹប​លំដាប់​ទី​ពីរ ឈរ​កំណត់ត្រា​ខាង​លើ បើ​យើង​គិត​ចាប់​តាំង​ការ​បង្កើត​ក្របខ័ណ្ឌ UEFA នៅ​រដូវ​កាល ១៩៥៥/៥៦។ ក្លឹប​ឈោង​បាន​តួ​លេខ​ខ្ពស់​បំផុត​គឺ Benfica ៤៨ ប្រកួត​នៅ​រដូវ​កាល ១៩៦៣ ដល់ ៦៥។ សម្រាប់ Leverkusen ពួក​គេ​អាច​បំបែក និង​ក្លាយ​ជា​ក្លឹប​ទី​មួយ​ឈាន​ដល់​ប្រកួត​ទី ៤៩ បាន ប្រសិន​អាច​ឆ្លង​ផុត AS Roma ទាំង​ពីរ​ជើង​នៅ​វគ្គ ៤ ក្រុម UEL និង​មួយ​ប្រកួត​ចន្លោះ​នោះ​ថ្ងៃ​ទី ០៥ ឧសភា ទល់​ម្ចាស់ដី Frankfurt៕

Similar Posts