បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃកម្មវិធី Europa League កាលពីសប្ដាហ៍នេះ ក្លឹបចំនួនបួន ធ្វើបានសម្រេចក្នុងការកក់កៅអីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Europa League រដូវកាល ២០២៣/២០២៤ នេះ។ ក្លឹបទាំងបួននោះ រួមមាន ក្លឹបបារាំង Olympique de Marseille ក្លឹបអ៊ីតាលី Atlanta ក្លឹបអាល្លឺម៉ង់ Bayer Leverkusen និងក្លឹបអ៊ីតាលី AS Roma។
ក្នុងវគ្គ Semi Final របស់ Europa League ក្លឹប Marseille ត្រូវប្រកួតជាមួយ Atlanta ឯ ក្លឹប Bayer Leverkusen ត្រូវប៉ះជាមួយក្លឹប AS Roma។
ខុសពីកម្មវិធី Champions League ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់កម្មវិធី Europa League ទាំងពីរគូខាងលើ ត្រូវធ្វើឡើងនៅថ្ងៃជាមួយគ្នា។ ពោលគឺជំនួបជើងទី ១ ប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣ ខែឧសភាឆ្នាំ ២០២៤ វេលាម៉ោង ២ ព្រឹក (ម៉ោងនៅកម្ពុជា)។ ចំណែកឯប្រកួតជើងទី ២ វិញ នឹងកើតឡើងនៅថ្ងៃសុក្រ ទី ១០ ខែឧសភា វេលាម៉ោង ២ ព្រឹក (ម៉ោងនៅកម្ពុជា)។
ក្នុងប្រកួតជើងទី ១ Marseille នឹងត្រូវធ្វើជាក្រុមម្ចាស់ផ្ទះក្នុងការស្វាគមន៍ក្រុមភ្ញៀវ Atlanta នៅកីឡដ្ឋាន Orange Velodrome ប្រទេសបារាំង។ រីឯប្រកួតជើងទី ២ វិញ Atlanta ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ទទួលស្វាគមន៍ក្រុមភ្ញៀវ Marseille វិញម្ដងនៅកីឡដ្ឋាន Gewiss Stadium អ៊ីតាលី។
ដោយឡែក គូវគ្គ Semi Final មួយទៀត គឺរវាង Bayer Leverkusen និង Roma។ ក្នុងប្រកួតជើងដំបូង Roma បើកទ្វារកីឡដ្ឋាន Stadio Olimpico របស់ខ្លួន ក្នុងការទទួលក្រុមភ្ញៀវ Leverkusen។ ក្នុងជើងបន្ទាប់ Leverkusen ត្រូវប៉ះជាមួយ Roma ក្នុងផ្ទះរបស់ខ្លួនវិញនៅ BayArena។