គ្រូ Pep ថាគាត់ធ្លាប់ព្យាយាមឃាត់ Cole Palmer ឲ្យបន្តនៅក្លិប Man City ដែរតែរូបគេមិនព្រម

wolf246 News Post 134

គ្រូបង្វឹកលោក Pep Guardiola ថ្មីៗនេះ បានបង្ហើបថាលោកធ្លាប់បានព្យាយាមទទូចឲ្យកីឡាករ Cole Palmer ឲ្យស្នាក់នៅក្លិប Manchester City បន្តទៀត មុនពេលគេសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយ​ Chelsea កាលពីក្នុងអំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ។

ជាក់ស្តែង បន្ទាប់ពីបានទៅដល់ទឹកដី Stamford Bridge នៅក្នុងតម្លៃខ្លួនប្រមាណ ៤២,៥លានផោន មក កីឡាករវ័យ ២១ឆ្នាំរូបនេះ បានបង្ហាញភាពលេចធ្លោខ្លាំង ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ដោយអាចរកបាន ២៣គ្រាប់ និង assist ១៣លើក ក្នុងចំណោម ៣៨ប្រកួត។

ហើយយ៉ាងណាមិញ ជុំវិញការផ្ទេរនេះ លោក Pep ក្នុងពេលថ្មីៗនេះ បានសារភាពថាលោកធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលគេឲ្យស្នាក់នៅក្លិប City បន្តដែរតែមិនបានសម្រេច និងថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖” គាត់បានស្នើសុំចាកចេញ តែខ្ញុំព្យាយាមនិយាយឃាត់គាត់ជាច្រើនលើកដែរ តែមិនបានសម្រេច“។

លោកបន្តទៀតថា ៖ ” គាត់នៅតែបន្តទទូចចង់ចាកចេញ ហើយតើយើងអាចធ្វើអ្វីបាន? គាត់ជាកីឡាករលេងក្នុងកម្រិតខ្ពស់ម្នាក់។ ខ្ញុំទទួលស្គាល់ថាមិនបានផ្តល់នាទីច្រើនសម្រាប់គាត់ ប៉ុន្តែឥឡូវនេះ គាត់សមនឹងទទួលបានអ្វីដែលគាត់ចង់បានជាមួយ Chelsea”៕

Similar Posts