បន្ទាប់ពីទទួលបានកាតក្រហម ក្នុងការប្រកួតទល់ Paris Saint-Germain, អនាគតរបស់ខ្សែការពារ Ronald Araujo ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈមានការរាយការណ៍ថា គេបានចរចាក្នុងការចាកចេញពីក្លឹប។
យោងតាមប្រភពពីអ្នកសារព័ត៌មាន Lluis Canut បានប្រាប់ទៅ ONZE បានឱ្យដឹងថា ភ្នាក់ងាររបស់ Araujo បានជួបពិភាក្សាជាមួយ Bayern Munich សម្រាប់ការចុះកុងត្រា ក្នុងករណីដែល Barcelona អនុញ្ញាតឱ្យខ្សែការពារឆ្នើមរបស់ពួកគេចាកចេញ។
ក្លឹបអាល្លឺម៉ង់ ចង់ឈានដល់ការព្រមព្រៀងជាមួយ Araujo មុនពេលពួកគេចរចាជាមួយ Barca។ ប្រភពខាងលើបានបញ្ជាក់ថាខ្សែការពារវ័យ២៥ឆ្នាំ អាចនឹងមានតម្លៃផ្ទេរចន្លោះពី៦៥ទៅ៧០លានអឺរ៉ូ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Araujo នៅទឹកដី Camp Nou មានសុពលភាពរហូតដល់ឆ្នាំ២០២៦ ខណៈក្លឹបបានសន្យាថា នឹងផ្ដល់កិច្ចសន្យាថ្មី ជាមួយនឹងការដំឡើងប្រាក់ឈ្នួល។ ប៉ុន្ដែប្រសិនបើការចរចាកុងត្រា មិនអាចធ្វើទៅបាន នោះក្លឹបនឹងពិចារណាលក់រូបគេនៅក្នុងទីផ្សាររដូវក្ដៅនេះ៕