IshowSpeed បានចេញទៅក្រឡុកក្នុងកីឡដ្ឋាន Etihad Stadium ក្នុងនាមជាអ្នកគាំទ្រ Real Madrid យ៉ាងជាក់ច្បាស់ តែកាយវិការរបស់គេចេញមកគឺកូរ ត្រង់គេបានទៅចូលក្នុង Zone របស់អ្នកគាំទ្រក្លឹបសំពៅមាស Manchester City ទៅវិញ។
នេះបន្ទាប់ការប្រកួតដ៏ក្តៅគគុកយប់មិញ ស្មើលទ្ធផល ១-១ ហើយបន្តដល់ការស៊ុតប៉េណាល់ទី ដែល Speed ពិតជាពុះកញ្រ្ជោលផ្លូវអារម្មណ៍របស់គេខ្លាំង។ វាអាចថាជាសិល្បៈក្នុងការសម្តែង ដែលខំប្រជ្រៀតខ្លួនទៅក្នុងតំបន់អ្នកគាំទ្រ City។
យ៉ាងណានៅកំឡុងការស៊ុតរបស់ Rodrygo ចូលទី City ពេលនោះបែរ Speed លេងមួយអស់ដៃងើបឈរអបអរនិងស្រែក ដែលនេះនាំឲ្យបុរសវ័យ ១៩ ឆ្នាំត្រូវបានអ្នកគាំទ្រ City នៅជុំវិញនោះ ប្រាប់ឲ្យប្រញាប់បិទ Live ជាបន្ទាន់ ហើយភ្លាមៗ Speed គេក៏មិនបានបដិសេធនោះដែរ។
រំឭកថា ក៏មានអ្នកគាំទ្រលើបណ្តាញសង្គមបញ្ចេញមតិដែរ ឆ្ងល់ថាហេតុអ្វី Speed គេទៅអង្គុយក្នុង Zone របស់ City។ អ្នកខ្លះទៀតថា បើជាអ្នកវិញចាយលុយខ្ទង់រយអឺរ៉ូទិញសំបុត្រទៅទស្សនា ហើយបានអង្គុយក្បែរ Speed គឺដឹងតែពិបាកហើយ ខ្លះទៀតក៏ថា Speed ធ្វើបានល្អ ត្រង់គេដូចគ្របពីលើអ្នកគាំទ្រម្ចាស់ផ្ទះមួយចាស់ដៃ៕