ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo របស់ក្លិបបិសាសចក្រហម Manchester United ។
ជាការពិតណាស់ Mainoo បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ក្រោយទទួលបានឱកាសលេងជម្រើសដំបូង ក្រោមដឹកនាំរបស់លោក Ten Hag ហើយរហូតមកដល់ពេលនេះ រូបគេបង្ហាញខ្លួនបាន ២៣ លើករួចមកហើយ សម្រាប់ Man United ក្នុងរដូវកាលនេះ ដោយរកបាន ៣ គ្រាប់ រួមទាំងការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League កាលពីពេលថ្មីៗនេះផងដែរ។
យោងតាម Fichajes បានរាយការណ៍មកថា Real Madrid បានដាក់គោលដៅរួចហើយក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ ដោយក្លិបយក្សរបស់អេស្ប៉ាញ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការបង្ហាញគុណផលលេងរបស់គេ នៅរដូវកាលនេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានរាយការណ៍ទៀតថាក្លិប Madrid ហាក់ដូចជាមិនប្រញាប់ប្រញាល់ ក្នុងការនាំយក Mainoo មកនៅរដូវក្តៅខាងមុខនេះឡើយ ដោយអាចនឹងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើគេនាពេលអនាគត ស្របពេលបច្ចុប្បន្នកុងត្រារបសខ្សែបម្រើរូបនេះ ជាមួយ Man Utd មានរហូតដល់ឆ្នាំ២០២៧ ឯណោះ៕