គ្រូបង្វឹកលោក Pep Guardiola បានជំរុញឱ្យ Real Madrid ជួសជុលស្ថានភាពទីលានរបស់ពួកគេ នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីក្រុម Manchester City បានត្រឹមស្មើ ៣–៣ ក្នុងការប្រកួតពានរង្វាន់ Champions League កាលយប់មិញ។
ជាការពិតណាស់ក្លិប Madrid បានរៀបការប្រកួតនៅក្នុងកីឡដ្ឋានដ៏ទំនើបរបស់ខ្លួនដែលទើបនឹងបញ្ចប់ការសាងសង់ ថែមទាំងបានបិទដំបូលទៀតផង ដើម្បីធ្វើឱ្យបរិយាកាសកាន់ប្រសើរឡើង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Guardiola ហាក់មិនសប្បាយចិត្តជាមួយនឹងស្ថានភាពស្មៅក្នុងកីឡដ្ឋាន សម្រាប់ការប្រកួតនេះឡើយ។
លោក Guardiola បាននិយាយក្រោយចប់ការប្រកួតថា
៖“ខ្ញុំមិនបានទៅជាន់លើស្មៅដោយផ្ទាល់នោះទេ ប៉ុន្តែនោះជាអ្វីដែលកីឡាករបានប្រាប់មកខ្ញុំ។ កីឡដ្ឋានគឺអស្ចារ្យណាស់ រួមទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់… ហើយវាគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ“។
លោកបន្តទៀតថា ៖“ប៉ុន្តែខ្ញុំចាំបានថា Real Madrid ពីមុនមានស្មៅល្អណាស់ វាប្រៀបដូចជាកំរាលព្រំអ៊ីចឹង ប៉ុន្តែថ្ងៃនេះវាមិនដូច្នោះទេ។ ប៉ុន្តែខ្ញុំប្រាកដថាពួកគេនឹងជួសជុលវាឡើងវិញ “៕