ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Rodrygo បានបង្ហើបប្រាប់ថា Manchester City បច្ចុប្បន្នគឺជាក្រុមល្អបំផុតមួយរបស់ពិភពលោក ខណ:គេថែមទាំងបានបញ្ជាក់ទៀតថា ក្លិបម្ចាស់ជើងឯក UCL រដូវកាលមុននេះ មិនមែនជាក្រុមដែល Madrid ចង់ជួបក្នុងវគ្គ ៨ក្រុមនេះនោះឡើយ។
ជាក់ស្តែង ការជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយរដូវកាលនេះ មានន័យថានេះជាជំនួបលើកទី ៣ជាប់ៗគ្នាហើយ ដែលក្លិបកំពូលរបស់អឺរ៉ុបទាំងពីរនេះ ត្រូវប្រឈមមុខគ្នានៅក្នុងវគ្គជម្រុះពានរង្វាន់ UCL ។
យ៉ាងណាមិញ ខណ:ពេលដែលនេះត្រូវបានចាត់ថាជាជំនួបសងសឹកមួយ ប៉ុន្តែ Rodrygo បានសារភាពថាទាំងរូបគេ និងមិត្តរួមក្ុរម ហាក់មិនចង់ជួបក្រុមរបស់លោក Pep នៅវគ្គនេះនោះឡើយ ពោលគឺចង់ជួបនៅវគ្គផ្តាច់ព្រ័ត្រតែម្តង។
លើសពីនេះ Rodrygo បាននិយាយទៀតថា ៖ “នេះជាគូប្រជែងដែលនិយាយឲ្យត្រង់ទៅ គឺថាយើងមិនចង់ប្រឈមមុខនោះទេ។ ហើយពួកគេក៏ប្រហែលគិតដូចគ្នាដែរ ពួកគេមិនចង់លេងជាមួយយើងទេ “។
គេបន្តទៀតថា ៖ “វាជាការប្រកួតដែលគ្រប់គ្នារំពឹងថានឹងកើតមាននៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែវាបានកើតឡើងនៅក្នុងពេលឥឡូវនេះ។ Man City ល្អណាស់ ប៉ុន្តែក្រុមយើងក៏ខ្លាំងដែរ។ វាពិតជាល្អខ្លាំងដែល ក្នុងការដែលបានជួបពួកគេម្តងទៀត ” ៕