ជើងចាស់លោក Jamie Redknapp ជឿជាក់ថា Chelsea អាចនឹងប្រឈមមុខទៅនឹងការធ្លាក់ទៅក្នុងតំបន់កាត់ចោល ប្រសិនបើគ្មានវត្តមានរបស់កីឡាករ Cole Palmer នៅរដូវកាលនេះទេនោះ។
ជាក់ស្តែងក្លិប Chelsea បានឈានដល់ការចុះហត្ថលេខានាំយក Palmer ពីក្រុម Man City ក្នុងតម្លៃខ្លួនប្រមាណ ៤២,៥លានផោន ហើយចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង សម្រាប់ក្រុម។
គិតមកទល់នឹងពេលនេះ Palmer រកគ្រាប់បាល់បញ្ចូលទីបាន ២១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៣ លើករួចមកហើយ ក្នុងការបង្ហាញខ្លួនចំនួន ៤០ប្រកួតសម្រាប់ក្រុម Chelsea រួមទាំងការរកបានបីគ្រាប់ក្នុងជ័យជម្នះយ៉ាងអស្ចារ្យរបស់ក្រុមតោខៀវ ដោយលទ្ធផល ៤–៣ លើក្រុម Manchester United ផងដែរ។
យ៉ាងណាមិញ នៅក្រោមការប្រកួតចុងក្រោយ ក្នុងលទ្ធផលបានត្រឹមស្មើជាមួយក្រុមបាតតារាង Sheffield កាលពីពេលថ្មីៗនេះ លោក Redknapp ជឿជាក់ថាក្រុមរបស់លោក Pochettino អាចនឹងប្រឈមមុខទៅនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺនប្រសិនបើគ្មានវត្តមានរបស់កីឡាករវ័យ ២១ឆ្នាំ នៅក្នុងក្រុមទេនោះ។
លើសពីនេះ លោកបាននិយាយទៀតថា ៖ ” ខ្ញុំជឿជាក់ថាក្រុមតោខៀវ Chelsea អាចនឹងស្ថិតនៅក្នុងតំបន់កាត់ចោលពីលីគកំពូលមិនខាន ប្រសិនបើគ្មានវត្តមានរបស់ Cole Palmer ទេនោះ“៕