Alonso អាចនឹងបដិសេធ Liverpool និង Bayern München ព្រោះចង់ដឹកនាំក្លិបធំមួយនេះជាង

wolf246 News Post 78

ក្លិប Real Madrid បានគេរាយការណ៍មកថា កំពុងមានសង្ឃឹមខ្លាំង ក្នុងការនាំយកលោក Xabi Alonso មកកាន់ក្លិបរបស់ខ្លួន បន្ទាប់ពីមានការជឿជាក់ថាបុរសសញ្ជាតិអេស្ប៉ាញរូបនេះ នឹងបដិសេធឱកាស ទៅដឹកនាំក្លិប Liverpool និង Bayern Munich ។

ជាក់ស្តែងអ្នកចាត់ការក្រុមវ័យ ៤២ឆ្នាំរូបនេះ កំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យ នៅក្នុងប្រទេសអាឡឺម៉ង់ ជាមួយក្លិប Bayer Leverkusen និងថែមទាំងកំពុងឆ្ពោះទៅរកការឈ្នះពានរង្វាន់ Bundesliga ជាលើកដំបូងមិនធ្លាប់មានរបស់ក្លិបថែមទៀតផង។

ជុំវិញសមត្ថភាពដ៏អស្ចារ្យបែបនេះហើយ ទើបធ្វើឲ្យ Alonso កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសពីសំណាក់ក្លិបធំៗដូចជា Liverpool និង Bayern Munich ដើម្បីទៅជំនួសអ្នកចាត់ការរបស់ពួកគេ នៅមុនរដូវកាលក្រោយចាប់ផ្តើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Alonso បានបង្ហើបយ៉ាងច្បាស់រួចហើយថាលោកនឹងបន្តស្នាក់នៅក្លិបLeverkusen នៅរដូវកាលក្រោយទៀត ដោយនឹងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបដិសេធសំណើពីសំណាក់ក្លិបកំពូលៗទាំងខាងលើ។

ហើយមិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Relevo បានបង្ហាញឲ្យដឹងទៀតថា​​ Real Madrid ជឿជាក់ថាការសម្រេចចិត្តរបស់ Alonso ក្នុងការបន្តនៅដឹកនាំក្លិបរបស់ក្របខ័ណ្ឌ Bundesliga គឺដោយសារតែលោកចង់រង់ចាំឱកាស ក្នុងការវិលត្រលប់មកកាន់ទឹកដី Bernabeu វិញប៉ុណ្ណោះ ដើម្បីជំនួសតំណែងរបស់លោក Carlo Ancelotti នាពេលអនាគត៕

Similar Posts