លោក Frank Lampard មានការភ្ជាប់ទៅនឹងតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកាណាដា ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។
កាណាដាគឺជាក្រុមម្ចាស់ផ្ទះមួយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នាឆ្នាំ២០២៦ ហើយពួកគេសម្លឹងឃើញលោក Lampard ជាបេក្ខភាពមួយ សម្រាប់ការដឹកនាំពួកគេប្រកួត នេះបើយោងតាមប្រភពពីសារព័ត៌មាន The Telegraph។
កន្លងមកលោក Lampard ធ្លាប់ដឹកនាំនៅក្លឹប Chelsea និង Everton ប៉ុន្ដែពុំទទួលបានលទ្ធផលល្អគាប់ចិត្តនោះទេ។ នៅពេលឱកាសនៃការដឹកនាំក្រុមជម្រើសជាតិ អាចឱ្យវីរបុរសក្រុមតោខៀវរូបនេះ ត្រលប់មកកាន់ការងារជាគ្រូបង្វឹកជាថ្មី។
លោក Lampard ស្ថិតនៅក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹករបស់ជម្រើសជាតិកាណាដា ប៉ុន្ដែវាអាចពិបាកសម្រាប់ពួកគេក្នុងការបញ្ចុះបញ្ចូលអតីតខ្សែបម្រើអង់គ្លេស មកដឹកនាំការប្រកួតនៅ World Cup ប្រសិនបើលោក Lampard នៅតែរក្សាការដឹកនាំប្រកួតសម្រាប់ក្លឹប៕