អតីតនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Javier Bordas បានពន្យល់មូលហេតុដែលក្លឹប បោះបង់ចោលនូវឱកាសក្នុងការចុះហត្ថលេខា Kylian Mbappe ក្នុងឆ្នាំ២០១៧។
លោក Bordas បានបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍អេស្ប៉ាញ El Chiringuito លោក Bordas ដែលធ្វើជានាយកផ្នែកកីឡា ក្រោមការដឹកនាំរបស់អតីតប្រធានក្លឹប Barcelona លោក Sandro Rosell និង Josep Bartomeu បានអះអាងថា Mbappe កៀកនឹងចូលរួម Barca ក្នុងឆ្នាំ២០១៧។
នាពេលនោះ ក្លឹបអ្នកមានបុណ្យមានទឹកប្រាក់២២២លានអឺរ៉ូនៅក្នុងដៃដើម្បីចំណាយ បន្ទាប់ពីលក់ Neymar ទៅឱ្យក្លឹប Paris Saint-Germain។ ប៉ុន្ដែចុងក្រោយ ពួកគេបានជ្រើសរើស Ousmane Dembele ដែលពុំបានបង្ហាញសមត្ថភាពពេញលេញនោះទេ ពេលលេងនៅក្លឹបយក្សកាតាឡូញ៉ា។
លោក Bordas បាននិយាយថា៖ “ប្រសិនបើខ្ញុំចាត់ចែងការងារនោះ Mbappe ប្រហែលជាលេងនៅ Barca ហើយ។ ខ្ញុំចង់បាន Mbappe។ គេអាចមក Barca។ យើងមិនបានចរចាតម្លៃជាក់លាក់ទេ ប៉ុន្ដែគេអាចមកក្នុងតម្លៃ១០០លានអឺរ៉ូ។ គ្រូបង្វឹកប្រាប់ពួកយើងថា គាត់ចង់បាន Dembele ដោយសារយើងមានកីឡាករដទៃផ្សេងទៀត។ មានជម្រើសក្នុងការនាំយកពួកគេទាំងពីរមក”៕