ហ្សងក្រហម Liverpool ត្រូវបានរាយការណ៍ថា ត្រៀមចំណាយទឹកប្រាក់២០លានអឺរ៉ូ ដើម្បីនាំយកអ្នកចាត់ការ Ruben Amorim ពីក្លឹប Sporting Lisbon ក្នុងទីផ្សាររដូវក្ដៅនេះ។
ទន្ទឹមនឹងការចាកចេញរបស់លោក Jurgen Klopp នាដំណាច់រដូវកាលនេះ ក្លឹបហង្សក្រហម ត្រូវបានភ្ជាប់ជាមួយនឹងអ្នកចាត់ការរបស់ Sporting បន្ទាប់ពីបរាជ័យគ្រូបង្វឹកគោលដៅ លោក Xabi Alonso ដែលបានប្ដេជ្ញាបន្ដដឹកនាំ Bayer Leverkusen។
ពេលនេះ Footmercato បានអះអាងថា Liverpool បានចរចាជាមួយអ្នកចាត់ការវ័យ៣៩ឆ្នាំ ដែលមានតម្លៃផ្ទេរ១៧លានផោន(២០លានអឺរ៉ូ) ដើម្បីមកកាន់តួនាទីជំនួសលោក Klopp។
ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Merseyside បានទាក់ទងភ្នាក់ងាររបស់លោក Amorim ដែលជាតំណាងរបស់ខ្សែប្រយុទ្ធ Luis Diaz ផងដែរនោះ ហើយគ្រូបង្វឹកជនជាតិព័រទុយហ្កាល់ ក៏ចាប់អារម្មណ៍សំណើនេះផងដែរ ប៉ុន្ដែលោកចង់ផ្តោតទៅលើការដឹកនាំក្រុមបច្ចុប្បន្នឱ្យទទួលបានជោគជ័យក្នុងរដូវកាលនេះជាមុនសិន៕