ខ្សែប្រយុទ្ធ Neymar អាចវិលត្រឡប់ទៅក្លិប Santos វិញនាពេលខាងមុខ

wolf246 News Post 30

សារព័ត៌មាននៅប្រេស៊ីល UOL បានធ្វើការចុះផ្សាយថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រៀមនឹងត្រលប់ទៅក្លិបដើមរបស់ខ្លួនគឺ ក្លិប Santos នៅឆ្នាំ២០២៥ ខាងមុខនេះ។

នៅក្នុងពេលនេះដែរ Neymar កំពុងតែលេងឱ្យក្លិបនៅលីគបាល់ទាត់កំពូលអារ៉ាប៊ីសាអ៊ូឌីត Al Hilal ដោយកុងត្រារបស់ខ្លួននឹងចប់នៅឆ្នាំក្រោយ។

បច្ចុប្បន្ន កីឡាករ វ័៣២ឆ្នាំ មិនទាន់អាចចូលលេងបាននោះទេ សម្រាប់ក្លិប ដោយសាររូបគេបានរងរបួសជង្គង់ពេលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល។

យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ នៅពេលថ្មីៗនេះ Neymar បែរជាទៅទស្សនាប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Campeonato Paulista នៅប្រេស៊ីល រវាងក្លិប Santos និងក្លិប Palmeiras។ Santos ឈ្នះ Palmeiras ក្នុងលទ្ធផល ១ ទល់នឹង ០។

Neymar ត្រូវបានគេឃើញថា ទៅនិយាយលេងជាមួយកីឡាករក្លិប Santos ហើយថែមទាំងលើកពាន ដែល Santos ទើបតែឈ្នះទៀតផង។

បន្ថែមពីនេះទៀត មានពាក្យល្ហិចល្ហៀងថា Neymar បានខ្សឹបប្រាប់កីឡាករ Santos ថា ខ្លួនសន្យានឹងត្រលប់មកជួយ Santos វិញ។

សូមបញ្ជាក់ថា Neymar បានចាប់ផ្ដើមអាជីពបាល់ទាត់នៅឆ្នាំ២០០៩ នៅក្នុងក្លិប Santos។ បន្ទាប់មកទៀត តារាបាល់ទាត់ប្រេស៊ីលរូបនេះ បានផ្លាស់ទៅ Barcelona នៅឆ្នាំ២០១៣ បន្តទៀតផ្លាស់ទៅ Paris Saint-Germain នៅឆ្នាំ២០១៧ ហើយទៅលេងនៅអារ៉ាប់នៅឆ្នាំ២០២៣៕

Similar Posts