ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចស្រេចហើយ ក្នុងការស្វែងរកអ្នកជំនួសតំណែងរបស់អ្នកចាត់ការក្រុមលោក Carlo Ancelotti នៅពេលរដូវកាលឆ្នាំ២០២៥–២០២៦ ចាប់ផ្តើម។
ជាក់ស្តែង លោក Ancelotti បានសម្រេចចិត្តបន្តកិច្ចសន្យារបស់ខ្លួនបន្ថែមទៀត នៅទឹកដី Bernabeu រហូតដល់ឆ្នាំ២០២៦ បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមជម្រើសជាតិប្រេស៊ីលក៏ដោយ។
ហើយយ៉ាងណាមិញ បើទោះបីជាលោក Ancelotti មិនរំពឹងថានឹងចាកចេញពីតំណែងរបស់ខ្លួន នៅមុនដំណាច់រដូវកាលឆ្នាំ ២០២៤–២០២៥ ខាងមុខនេះក៏ដោយ ប៉ុន្តែប្រធានក្លិបលោក Florentino Perez ហាក់ដូចជាកំពុងរៀបចំផែនការ ក្នុងការស្វែងរកអ្នកចាត់ការថ្មីរបស់ខ្លួនរួចរាល់ហើយ។
យោងតាមរបាយការណ៍ពី Relevo បានអះអាងថាក្លិប Madrid នៅតែរក្សាចំណាប់អារម្មណ៍ទៅលើលោក Xabi Alonso ដដែល ជាពិសេសនៅពេលបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់ថានឹងមិនផ្ទេរទៅដឹកនាំក្រុមណានោះឡើយ មុនពេលកុងត្រារបស់ខ្លួនជាមួយ Leverkusen ត្រូវបញ្ចប់។
ជុំវិញការសម្រេចចិត្តនេះ មានន័យថាក្លិប Madrid នៅតែមានឱកាសក្នុងការនាំយក Alonso មកដឹកនាំ នៅពេលដែលអ្នកចាត់ការរបស់ខ្លួនបច្ចុប្បន្នលោក Ancelotti ត្រូវផុតកុងត្រារបស់ខ្លួននោះ៕