ក្លិប Barcelona ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់បញ្ចូលកីឡាករ Inigo Martinez នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយ ដោយបូករួមជាមួយនឹងសាច់ប្រាក់បន្ថែម ក្នុងការចុះហត្ថលេខាលើ Joao Felix ពី Atletico Madrid ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ជាក់ស្តែង ចាប់តាំងពីបានផ្ទេរមកកាន់ទឹកដី Camp Nou ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលនេះមក Felix បានបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងក្រុមរបស់លោក Xavi Hernandez ដោយអាចរកបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦លើក ពីការបង្ហាញខ្លួនសរុប ៣៥ប្រកួត ក្នុងរដូវកាលនេះ។
ហើយឥឡូវនេះ យោងតាមគេហទំព័រ Fichajes បានរាយការណ៍មកថាថ្នាក់ដឹកនាំរបស់ Barcelona ចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ មកក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះ ។
ប្រភបដដែលនេះ បានអះទៀតផងដែរថា ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលមិនទាន់ដោះស្រាយចេញ ដូច្នេះហើយក្លិប Barca ចង់ផ្តល់ជូន Martinez ដែលបានផ្ទេរមកដោយឥតគិតថ្លៃកាលពីរដូវក្តៅមុន ទៅឲ្យក្លិប Atletico Madrid ជាផ្នែកនៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខាលើ Felixវិញ៕