គ្រូធំ Enrique ថា Mbappe នៅអាចប្ដូរចិត្តបាន បើចង់បន្ដនៅ PSG

wolf246 News Post

តារាឆ្នើម Kylian Mbappe នៅតែមានឱកាសក្នុងការផ្លាស់ប្ដូរការសម្រេចចិត្តរបស់គេ ដែលចង់ចាកចេញពី Paris Saint-Germain ក្រោយចប់រដូវកាលនេះ។ នេះបើយោងតាមការលើកឡើងរបស់អ្នកចាត់ការ Luis Enrique កាលពីថ្ងៃសៅរ៍។

បន្ទាប់ពីមានការលើកឡើងអំពីអនាគតរបស់គេ Mbappe បានប្រាប់ PSG កាលពីខែកុម្ភៈថា គេអាចនឹងចាកចេញពីទឹកដី Parc des Princes នាដំណាច់រដូវកាលនេះ ពេលកិច្ចសន្យារបស់គេអស់សុពលភាពនារដូវក្ដៅនេះ ហើយក្លឹប Real Madrid ជាបេក្ខភាពជួរមុខក្នុងការចុះហត្ថលេខាម្ចាស់ជើងឯក World Cup 2018 រូបនេះ។

ទោះយ៉ាងណាក្ដី អ្នកចាត់ការ PSG លោក Enrique បានមានការបើកចំហរ ហើយនិយាយថា Mbappe នៅតែមានឱកាសក្នុងការផ្លាស់ប្ដូរការសម្រេចចិត្ត ដែលចង់ចាកចេញពីក្លឹប។

លោកបាននិយាយថា៖ “ខ្ញុំនៅតែសង្ឃឹមថា Kylian នឹងផ្លាស់ប្ដូរចិត្ត។ គេមិនបាននិយាយអ្វីទេ។ គេនៅតែអាចផ្លាស់ប្ដូរការគិតរបស់គេ។ សាកស្រមៃមើលថា យើងនឹងឈ្នះពាន៤ក្នុងរដូវកាលនេះ ហើយ Kylian ធ្វើការសម្រេចចិត្ត នៅនាទីចុងក្រោយ ហើយសម្រេចចិត្តថា កន្លែងរបស់គេគឺនៅ Paris។ វាអាចទៅរួច”៕

Similar Posts