Mac Allister និយាយបែបនេះក្រោយពី Messi អវត្តមានសម្រាប់ក្រុមជម្រើសជាតិ

wolf246 News Post 195

កីឡាករ Alexis Mac Allister បញ្ជាក់ថាក្រុមជម្រើសជាតិអាហ្សង់ទីន ព្យាយាមពង្រឹងការលេងឱ្យកាន់តែខ្លាំងជាងមុន ស្របពេលដែលក្រុមទាំងមូលលេងដោយអវត្តមានកីឡាករ Lionel Messi ហើយគេបានបញ្ជាក់បន្ថែមទៀតថាគូប្រកួតហាក់បីដូចជាពុំសូវខ្លាចក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយពុំមានវត្តមានកីឡាករវ័យ ៣៧ ឆ្នាំរូបនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Lionel Messi បានរងរបួសក្នុងអំឡុងពេលលេងឱ្យក្រុម Inter Miami កាលពីដើមខែមីនានេះ។ ចាប់តាំងពីពេលនោះ កីឡាករ Lionel Messi បានអវត្តមានការប្រកួតមួយចំនួនសម្រាប់ក្រុម Inter Miami និងសម្រេចមិនចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីលេងការប្រកួតមិត្តភាពឡើយ។

កីឡាករ Alexis Mac Allister បានប្រាប់សារព័ត៌មាន ESPN ថា៖

ពួកយើងតែងតែផ្តោតលើការលេងរបស់ក្រុមទាំងមូល។ ពួកយើងដឹងថាពេលដែលអវត្តមាន Leo ពួកយើងត្រូវតែលេងឱ្យខ្លាំងជាងមុន ព្រោះថាពេលគ្មានវត្តមាន Leo ហើយស្ថានការណ៍កាន់តែអាក្រក់នោះ នឹងគ្មានអ្នកជួយសង្គ្រោះយើងឡើយ។ ពួកយើងដឹងថា ពេលដែលមានវត្តមាន Leo គូប្រកួតរាងខ្លាចពួកយើង។ ពួកយើងក៏មានកីឡាករល្អៗ ដែលលេងនៅក្រុមធំៗជាច្រើននៅអឺរ៉ុប ដូច្នេះហើយពេលដែលគូប្រកួតប៉ះជាមួយពួកយើង ពួកគេនឹងដឹងថាការប្រកួតនេះគឺមិនស្រួលនោះឡើយ។ យើងចង់លេងឱ្យបានល្អ ដើម្បីឱ្យគូប្រកួតពិបាកលេងទល់នឹងពួកយើង។

ក្រុមជម្រើសជាតិអាហ្សង់ទីន ទើបនឹងយកឈ្នះក្រុមជម្រើសជាតិអែលសាល់វ៉ាឌ័រ ក្នុងលទ្ធផល ៣-០ ហើយពួកគេនឹងត្រូវបន្តភារកិច្ចលេងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកូស្តារីកា ជាបន្តទៀត៕

Similar Posts