កីឡាករ Neymar បានរងរបួស ACL ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ ស្របពេលដែលកំពុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល ហើយកីឡាករត្រូវព្យាបាលដោយការវះកាត់ក្នុងរយៈពេល ១ ខែបន្ទាប់។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ចំណាយពេលដ៏យូរក្នុងការព្យាបាល ប៉ុន្តែរូបគេអាចនឹងវិលត្រឡប់មកវិញឆាប់ៗនេះបន្ទាប់ពីបានបង្ហោះរូបក្នុងបណ្ដាញសង្គម Instagram នាពេលថ្មីៗនេះ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ដែលបង្ហាញពីការហ្វឹកហាត់កាយសម្បទាឡើងវិញ ក្នុងអំឡុងពេលព្យាបាលរបួសឱ្យជាសះស្បើយ ១០០ ភាគរយ។
លើសពីនេះទៅទៀត ការហ្វឹកហាត់របស់កីឡាករ Neymar នេះក៏ចង់ផ្ញើសារជូនទៅកាន់អ្នកគាំទ្រក្រុមដទៃទៀត ដែលបានរិះគន់ថាកីឡាកររូបនេះកំពុងតែឡើងគីឡូ បន្ទាប់ពីរូបគេបានបង្ហាញខ្លួននៅកន្លែងហ្វឹកហាត់កាលពីខែមុនជាមួយរូបរាងឡើងគីឡូខុសពីធម្មតា។
គួរបញ្ជាក់ផងដែរថា កីឡាករ Neymar លេងបានត្រឹម ៥ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Al-Hilal មុនពេលដែលរូបគេរងរបួស ACL។ យ៉ាងណាមិញ ក្រុម Al-Hilal នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ បើទោះបីជាអវត្តមានកីឡាកររូបនេះក៏ដោយ និងបន្តរក្សាកំណត់ត្រាឈ្នះ ២៨ ប្រកួតជាប់គ្នាក្នុងគ្រប់កម្មវិធីទាំងអស់ ថែមទាំងកំពុងឈរនៅលេខរៀងទី១ នៃលីគកំពូល នាំមុខក្រុមលេខ ២ រហូតដល់ទៅ ១២ ពិន្ទុ៕