ប្រធានក្រុមជម្រើសជាតិចិន Zhang Linpeng បានចាកចេញពីក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីគេបានចាត់ទុកការប្រកួតស្មើគ្នា ២-២ ជាមួយសិង្ហបុរី ក្នុងវគ្គជម្រុះ World Cup 2026 ថាជាភាពអាម៉ាស់។
នេះជាការចាប់ផ្ដើមដ៏គួរឱ្យខកចិត្តសម្រាប់គ្រូបង្គោលថ្មី Branko Ivankovic ដែលមកកាន់តួនាទីក្នុងក្រុមជម្រើសជាតិចិន ជំនួសលោក Aleksandar Jankovic ក្រោយពួកគេធ្លាក់ចេញពី AFC Asian Cup។
Zhang ត្រូវបានហៅថាជា Sergio Ramos របស់ក្រុមជម្រើសជាតិចិន យោងតាមស្នាមសាក់ ហើយគេលេងក្នុងតំណែងជាខ្សែការពារកណ្ដាលផងនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ក្នុងនាមជាប្រធានក្រុម ខ្ញុំមិនអាចបំពេញតួនាទីរបស់ខ្លួនក្នុងការជួយក្រុមបាននោះទេ ហើយធ្វើឱ្យអ្នកគាំទ្រខកចិត្ត”។
“បន្ទាប់ពីឆ្លងកាត់ការត្រិះរិះយ៉ាងម៉ត់ចត់ ខ្ញុំជឿថា វាជាពេលដែលត្រូវបិទបញ្ចប់អាជីពរបស់ខ្ញុំក្នុងក្រុមជម្រើសជាតិហើយ។ យើងមិនអាចសូម្បីតែយកឈ្នះសិង្ហបុរីនៅក្នុងដំណាក់កាលនេះ។ វាពិតជាពិបាកទ្រាំ។ វាពិតជាអាម៉ាស់ខ្លាំងណាស់”៕