Real Madrid ត្រូវបានព្រមានថា ពួកគេអាចនឹងប្រឈមបញ្ហាពីសមាជិកក្រុម ប្រសិនបើពួកគេនាំយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹប Paris Saint-Germain ទៅចូលក្រុម នារដូវក្ដៅខាងមុខ។
ក្លឹបយក្សអេស្ប៉ាញត្រូវបានរំពឹងថា នឹងនាំយកខ្សែប្រយុទ្ធបារាំង ដោយពុំមានតម្លៃផ្ទេរនាពេលដ៏ខ្លីខាងមុខ ប៉ុន្ដែប្រធានក្លឹប Barcelona លោក Joan Laporta ជឿជាក់ថា ការចូលរួមរបស់ Mbappe អាចបង្កឱ្យមានបញ្ហាក្នុងបណ្ដាកីឡាករក្នុងក្រុម នៅទឹកដី Santiago Bernabeu។
បន្ទាប់ពីបានបដិសេធ ចំពោះការលើកឡើងថាមានការច្រណែន Real Madrid ដែលមានសង្ឃឹមខ្ពស់ក្នុងការនាំចូល Mbappe លោក Laporta ត្រូវបានសួរអំពីការយល់ឃើញជុំវិញ ការផ្ទេរ ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ ថាតើនឹងទៅជាយ៉ាងណា។
លោក Laporta បាននិយាយថា៖ “ខ្ញុំមើលឃើញដោយមិនបាច់គិតច្រើននោះទេ។ ពួកគេនឹងមានបញ្ហានៅទីនោះ។ អ្នកត្រូវតែលក់កីឡាករម្នាក់ ពេលដែល Mbappe មកដល់មែនទេ? ព្រោះពួកគេទាំងពីរមិនអាចលេងនៅក្នុងតំណែងដូចគ្នាទេ ហើយពួកគេជាកីឡាករដែលមានការចាប់អារម្មណ៍ខ្ពស់។ ហើយបើនិយាយអំពីរឿងប្រាក់ឈ្នួល វាអាចនឹងប៉ះពាល់ដល់សមាជិកក្នុងក្រុមយ៉ាងពិតប្រាកដ”៕