មានក្ដីបារម្ភយ៉ាងច្រើនជុំវិញរដូវកាលរបស់ Real Madrid បន្ទាប់ពីពួកគេមិនបាននាំចូលខ្សែប្រយុទ្ធល្បីឈ្មោះ ទៅជំនួសកន្លែងរបស់ Karim Benzema ដែលបានសម្រេចចិត្តចាកចេញទៅចូលរួមក្លឹបអារ៉ាប៊ី សាអ៊ូឌីត Al-Ittihad នាដំណាច់រដូវកាលមុន។
ផ្ទុយទៅវិញ ក្លឹបយក្សអេស្ប៉ាញ បានសម្រេចចិត្តខ្ចីជើងខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Joselu ពីក្លឹប Espanyol ជាមួយកុងត្រារយៈពេលមួយរដូវកាល ប៉ុន្ដែកីឡាករអេស្ប៉ាញ បានសាងភាពភ្ញាក់ផ្អើល ដោយគេរកគ្រាប់បាល់១៤គ្រាប់គ្រប់ពានរង្វាន់ទាំងអស់នារដូវកាលនេះ ទោះមិនទទួលបានឱកាសលេងក្នុងជម្រើសដំបូងជាប់លាប់ក៏ដោយ។
ក្លឹបអធិរាជស មានជម្រើសក្នុងការចុះហត្ថលេខាផ្ទេរ Joselu ជាអចិន្ដ្រៃយ៍ក្នុងតម្លៃទាបនារដូវក្ដៅខាងមុខ ហើយខ្សែប្រយុទ្ធចាស់វស្សា ក៏មានបំណងចង់រួមរស់នៅរាជធានីប្រទេសអេស្ប៉ាញផងដែរ នេះបើយោងតាមប្រភពពី Mundo Deportivo។
Joselu បាននិយាយថា៖
“ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្ដនៅ Real Madrid ជាមួយនឹងកុងត្រាអចិន្ដ្រៃយ៍ មិនមែនត្រឹមតែការខ្ចីជើងនោះទេ”។
Joselu ពិតជាស័ក្ដិសមក្នុងការបន្ដនៅ Real Madrid ប៉ុន្ដែការមកដល់របស់ Kylian Mbappe និង Endrick Felipe នារដូវក្ដៅខាងមុខ អាចនឹងពិបាកផ្ដល់កន្លែងសម្រាប់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ក្នុងក្រុមលោក Ancelotti សម្រាប់រដូវកាលក្រោយ៕