ខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍មកថា នឹងដកខ្លួនចេញពីការប្រកួតមិត្តភាពនាពេលខាងមុខរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹងក្រុម El Salvador និង Costa Rica ដោយសារតែរបួសសរសៃពួរ។
ជាក់ស្តែង ខ្សែប្រយុទ្ធរបស់ក្រម Inter Miami រូបនេះ បានចាប់ផ្តើមរដូវកាលឆ្នាំ២០២៤ នេះ ក្នុងទម្រង់លេងដ៏អស្ចារ្យ ដោយរួមចំណែករកបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ២លើកបន្ថែមទៀត ក្នុងចំណោម ៥ប្រកួត ។
តែទោះបីជាយ៉ាងណាក៏ដោយ Messi បានខកខានការប្រកួតចុងក្រោយរបស់ក្រុម ទល់នឹង DC United បន្ទាប់ពីរងរបួសក្នុងអំឡុងការប្រកួតកាលពីថ្ងៃសប្តាហ៍ពុធមុន ទល់នឹងក្រុម Nashville ក្នុងពានរង្វាន់ CONCACAF Champions Cup ។
ហើយឥឡូវនេះ យោងតាមសេចក្តីថ្លែងការចុងក្រោយមួយ បានបញ្ជាក់ថា Messi នឹងមិនមានវត្តមានក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខ ដោយសារតែបញ្ហារបួសរបស់គេ នៅមិនទាន់ជាសះស្បើយនៅឡើយ។
ទន្ទឹមនឹងនេះ អាហ្សង់ទីនបានសរសេរថា ៖“ប្រធានក្រុមអាហ្សង់ទីន Lionel Messi នឹងមិនអាចចូលរួមក្នុងក្រុមសម្រាប់ការប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិកបានទេ ដោយសារតែរបួសសរសៃពួរជើងខាងស្តាំរបស់គាត់តិចតួច “៕