ត្រឹមតែរយៈពេលមួយថ្ងៃទៀតប៉ុណ្ណោះ ការចាប់ឆ្នោតវគ្គ ៨ ក្រុមពានរង្វាន់ UEFA Champions League នឹងចូលមកដល់ ផងដែរ។ ដូចប្រិយមិត្តបានដឹង បេក្ខភាពក្លឹបសេសសល់ទាំង ៨ តួយ៉ាងរួមមាន Arsenal, Atletico Madrid, Barcelona, Bayern Munich, Borussia Dortmund, Manchester City, Paris Saint-Germain និង Real Madrid។
ងាកមកមតិរបស់អតីតជើងចាស់លោក Thierry Henry ឯណេះ បានចុចឈ្មោះក្លឹបធំ ២ ដែលយល់ថា កាំភ្លើងធំ Arsenal ប្រាកដណាស់នឹងចង់គេចផុតពីការចាប់ឆ្នោតប៉ះនៅល្ងាចថ្ងៃសុក្រស្អែក ព្រោះជាក្លឹបគីឡូធ្ងន់ នឹងពិបាកឆ្លងផុតប្រសិនត្រូវជួប នាវគ្គ ១/៤ ផ្តាច់ព្រ័ត្រមែននោះ។
លោករៀបរាប់៖ “ខ្ញុំកំពុងនិយាយ អ្នកមិនអាចមើលស្រាលក្លឹបណាមួយបានទេនៅអឺរ៉ុប តែនេះ ២ ក្លឹបដែលអាចបង្កព្យុះភ្លៀងខ្លាំងមកដល់អ្នក គឺ Real Madrid និង Man City ក្រៅពីនោះ គឺអាចគីឡូប្រហាក់ប្រហែល Arsenal អាចលេងបាន”។
លោកបន្ត៖ “Man City ពួកគេនៅតែជាក្រុមដែលពិបាកនឹលផ្តួលសម្រាប់ការយល់ឃើញរបស់ខ្ញុំ ខ្ញុំស្គាល់ Pep ដែលពួកគេមិនស្រួលនោះទេ អ៊ីចឹងនិយាយអំពីតំណែងជើងឯកតែម្តង គឺ City បន្ទាប់មក Real Madrid យើងដឹងពួកគេឈ្នះ ១៤ សម័យហើយ យ៉ាងណាយើងរង់ចាំមើលទាំងអស់គ្នា តើនឹងមានរឿងអ្វីកើតឡើង”៕