អតីតប្រធានក្រុមសញ្ជាតិប្រេស៊ីល ធ្លាប់តំណាងឈ្មោះកាន់ឆ្នាំនៅក្លឹបមេឃខៀវ Manchester City បានមើលឃើញពាក់ព័ន្ធអនាគតអ្នកចាត់ការលោក Pep Guardiola ថាមិនយូរឆ្នាំទៀតទេ ពេលទៅមុខឆាប់ៗនេះ លោកនឹងទៅដឹកនាំជម្រើសជាតិធំណាមួយមិនខាន តែមិនមែនជាគោក្រហមអេស្ប៉ាញ។
ដូចប្រិយមិត្តជាច្រើនបានដឹង គ្រូវ័យ ៥៣ ឆ្នាំ សេសសល់កុងត្រាត្រឹមចុងខែមិថុនា ឆ្នាំ ២០២៥ ហើយមិនទាន់បង្ហើបការបន្តថ្មីទេ ពោលការចាកចេញអាចជាមានភាគរយខ្ពស់ជាង។ ត្រង់កន្លងមកក៏ Pep ធ្លាប់និយាយ៖ “ខ្ញុំចង់ដឹកនាំជម្រើសជាតិដែលបានលេង EURO ឬ World Cup ខ្ញុំអត់ដឹងខាងណាចង់បានខ្ញុំទេ តែខ្ញុំចង់ទទួលបានកន្លែងដែលគេត្រូវការខ្ញុំពិតប្រាកដដូចជាក្លឹបអ៊ីចឹងដែរ”។
ងាកមក Fernandinho រៀបរាប់ថា៖ “វាពិបាកនឹងនិយាយដល់ប្រេស៊ីល ព្រោះវាពិតជាពិបាកនឹងដឹង តែក៏មានឱកាសអាចទៅរួច គ្រាន់ខ្ញុំមើលឃើញកម្រិតរបស់ Pep គាត់អាចដឹកនាំជម្រើសជាតិផ្សេងដទៃទៀត តែអត់គិតដល់អេស្ប៉ាញទេ ព្រោះអ្នកបានដឹងហើយ អំពីបញ្ហាកាតាឡូញ៉ា និងអេស្ប៉ាញថារបៀបណា”។
លោកបន្ត៖ “ខ្ញុំជឿថា Pep នឹងអាចទៅដឹកនាំជម្រើសជាតិអង់គ្លេស ព្រោះជាកន្លែងគាត់កំពុងរស់នៅសព្វថ្ងៃ គាត់បានដឹងអំពីកីឡាករច្បាស់នៅទីនោះ ដឹងគ្រប់យ៉ាង ហើយក៏អាចប្រហែលជាហូឡង់ ជាបិតាបាល់ទាត់ធ្លាប់នៅទីនោះ គឺ [Johan Cruyff] គ្រូរបស់ Pep ខ្ញុំទាយគាត់អាចជាទៅដឹកនាំនៅរង្វង់ឆ្នាំ ២០៣០ ឬអាច ២០២៦ នៅជម្រើសជាតិណាមួយមិនខាន”៕