ក្លិប Ajax ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាត់ការរបស់ក្រុមបិសាចក្រហម Mancchester United លោក Erik ten Hag ត្រលប់ទៅកាន់កីឡដ្ឋាន Amsterdam Arena វិញ។
ជាការពិតណាស់ក្រុមយក្សរបស់ហូឡង់មួយនេះ ហាក់កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតមួយ ក្រោមការដឹកនាំរបស់លោក Maurice Steijn រហូតដល់គាត់ត្រូវបានក្លិបសម្រេចបញ្ចប់តំណែង និងនាំយកលោក John van’t Schip មកដឹកនាំក្រុមបណ្តោះអាសន្នរហូតដល់ចប់រដូវកាល។
យ៉ាងណាមិញ ខណ:ពេលដែលលោក Van’t Schip កំពុងផ្តោតលើការដោះស្រាយបញ្ហានៅលើទីលាន នាយកប្រតិបត្តិថ្មីរបស់ក្លិប Ajax លោក Alex Kroes កំពុងរៀបចំផែនការរួចជាស្រេចហើយ ដើម្បីស្វែងរកគ្រូបង្វឹកថ្មី នៅមុនរដូវកាលក្រោយចូលមកដល់។
ហើយឥឡូវនេះ យោងតាមសារព័ត៌មាន The Mirror បានអះអាងមកថា ក្លិប Ajax បានរៀបចំបញ្ជីសម្រាំងមួយចំនួនរួចមកហើយ ដោយក្នុងនោះក៏រួមមានឈ្មោះរបស់អតីតអ្នកចាត់ការរបស់ពួកគេ គឺលោក Ten Hag និងជំនួយការគ្រូបង្វឹក Liverpool លោក Pep Lijnders ផងដែរ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក Kroes ហាក់ដូចជាបានបើកចំហរឱកាសធំ សម្រាប់ការនាំយកលោក Ten Hag ត្រឡប់មកកាន់ក្លិបវិញ នៅពេលដែលបុរសសញ្ជាតិហូឡង់រូបនេះ ធ្លាប់បានចំណាយពេលដល់ទៅ ៤ ឆ្នាំកន្លះ ក្នុងនាមជាអ្នកចាត់ការក្រុម Ajax និងបានយកមកនូវភាពជោគជ័យធំៗជាច្រើន មុនពេលលោកសម្រេចផ្ទេរទៅ Old Trafford ក្នុងឆ្នាំ២០២២៕