វីរបុរសរបស់ Manchester United លោក Wayne Rooney បាននិយាយលើកទឹកចិត្តខ្សែប្រយុទ្ធ Marcus Rashford ឱ្យប្រឹងប្រែងបំបែកកំណត់ត្រាគ្រាប់បាល់របស់លោក នៅ Old Trafford។
អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហមរូបនេះ យល់ឃើញថា Rashford មានសមត្ថភាពបំបែកកំណត់ត្រាគ្រាប់បាល់របស់ខ្លួន ប៉ុន្ដែលោកត្រូវការឱ្យគេមានភាពនឹងនរជាងនេះ។
បន្ទាប់ពីបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងរដូវកាល ២០២២-២៣ ពេលដែលគេរកគ្រាប់បាល់៣០គ្រាប់ គ្រប់ពានរង្វាន់ទាំងអស់ សមត្ថភាពលេងរបស់ Rashford ហាក់ធ្លាក់ចុះ ក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់ត្រឹមតែ៦គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៣៣ប្រកួត។
និយាយក្នុងសម្ភាសន៍របស់ TNT Sports, លោក Rooney បាននិយាយថា៖ “ខ្ញុំគិតថា គេនៅក្នុងតំណែងអាទិភាព, គេលេងឱ្យ Manchester United។ ខ្ញុំធ្លាប់បាននិយាយពីមុនមកហើយថា គេជាកីឡាករតែម្នាក់ដែលខ្ញុំជឿជាក់ ថាអាចបំបែកកំណត់ត្រារបស់ខ្ញុំបាន”។
“ខ្ញុំសង្ឃឹមថា គេធ្វើបានព្រោះគេជាកីឡាកររបស់ Manchester។ ប៉ុន្ដែខ្ញុំគិតថា គេត្រូវការការលេងដ៏នឹងនរ។ ពិតណាស់ គេមិនអាចលេងបានល្អច្រើនរដូវកាលនោះទេ ប៉ុន្ដគេត្រូវការស្វែងរករបៀបលេងដ៏នឹងនរ ហើយក្លាយជាអ្នកដឹកនាំនៅក្នុងក្រុម”៕