Real Madrid នឹងប្រឈមការប្រកួតប្រជែងជាមួយ Manchester United ក្នុងការចុះហត្ថលេខាផ្ទេរខ្សែការពារកណ្ដាលវ័យក្មេង Leny Yoro ពីក្លឹប Lille។
កីឡាកររូបនេះ បន្ដបង្ហាញសមត្ថភាពល្អក្នុងលីគកំពូលបារាំងរដូវកាលនេះ ហើយគេត្រូវបានរំពឹងថា នឹងអាចក្លាយជាកីឡាករលំដាប់កំពូលមួយរូបនៅក្នុងបាល់ទាត់អឺរ៉ុប នាពេលអនាគត។
Yoro បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងជម្រើសដំបូងនៅតំបន់ការពារកណ្ដាល សម្រាប់ Lille ហើយជួយពួកគេទទួលបានកៅអី UEFA Champions League រដូវកាលក្រោយ។
យោងតាមប្រភពជាច្រើន Real Madrid ចង់បានកីឡាករវ័យក្មេងរូបនេះ ទៅពង្រឹងក្រុម ខណៈដែលកិច្ចសន្យារបស់គេនៅសល់សុពលភាពដល់ឆ្នាំ២០២៥។
ប៉ុន្ដែយោងតាមការរាយការណ៍ចុងក្រោយពី Teamtalk.com អះអាងថា Man United នឹងប្រជែងជាមួយ Real Madrid និងក្លឹបធំៗផ្សេងទៀតនៅអឺរ៉ុប ក្នុងការផ្ទេរ Yoro ជាមួយនឹងតម្លៃ៤១លានផោន៕