Jesse Lingard អាចនឹងបន្តអាជីពនៅទ្វីបអាស៊ីជាក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូង

wolf246 News Post 16

កីឡាករ Jesse Lingard ទំនងជាបន្តអាជីពរបស់ខ្លួនជាមួយនឹងក្រុម FC Seoul។ សារព័ត៌មាន Sky Sports បានចុះផ្សាយថាកីឡាករ Jesse Lingard បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់មាត់លើកុងត្រារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្តថែមមួយឆ្នាំ។ ក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូងមួយនេះ គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់កីឡាករ Jesse Lingard។

កីឡាករ Jesse Lingard បានអវត្តមានពីការប្រកួតចាប់តាំងពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីកីឡាកររូបនេះបានផុតកុងត្រាជាមួយក្រុម Nottingham Forest។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ធ្លាប់មានទំនាក់ទំនងជាមួយក្លិបបាល់ទាត់ជាច្រើនដែរ ប៉ុន្តែគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះឡើយ។ ក្រុម Al Shabab ក៏ធ្លាប់បើកការចាប់អារម្មណ៍លើកីឡាកររូបនេះដូចគ្នា។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះតែងតែបង្ហោះវីដេអូជាប្រចាំបង្ហាញពីការហ្វឹកហាត់របស់ខ្លួន ហើយរូបគេក៏បានចំណាយពេលទាំងប៉ុន្មាន ដើម្បីហ្វឹកហាត់ជាមួយក្រុម Al Ettifaq បើទោះបីជាលោក Steven Gerrard សម្រេចមិនចុះកុងត្រាយករូបគេក៏ដោយ។

កីឡាករ Jesse Lingard ក៏ធ្លាប់ចង់ទៅកាន់ក្រុម Barcelona ផងដែរ​ ប៉ុន្តែត្រូវបានភាគីខាងក្រុម Barcelona បដិសេធ។ កីឡាកររូបនេះបានបង្ហាញខ្លួនឱ្យក្រុម Manchester United ចំនួន ២៣០ ប្រកួត និងបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំឡុងពេលខ្ចីជើងនៅក្រុម West Ham ថែមទាំងធ្លាប់លេងឱ្យក្រុមជម្រើសជាតិអង់គ្លេសបាន ៣២ ប្រកួតផងដែរ។ យ៉ាងណាមិញ កីឡាកររូបនេះហាក់បីដូចជាធ្វើពុំបានល្អឡើយក្នុងអំឡុងពេលលេងឱ្យក្រុម Nottingham Forest ដោយរូបគេលេងជាជម្រើស ១១ នាក់បានត្រឹម ១២ ប្រកួតក្នុងចំណោមវត្តមាន ១៧ ប្រកួតប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Jesse Lingard សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹងក្រុម FC Seoul និងបន្តអាជីពរបស់រូបគេនៅទ្វីបអាស៊ី ជាមួយក្រុមដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងមួយនេះ៕

Similar Posts